(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស មន្រ្តីសាខាកាំកុងត្រូល រាជធានីភ្នំពេញ ដោយមានសហការល្អពីសាលាប៊ែលធីអន្តរជាតិ នៅថ្ងៃទី៧ ខែកញ្ញា និងរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ គ្រឿងឧបភោគបរិភោគ នៅសាលាប៊ែលធីអន្តរជាតិសាខាទី៩។

លោក ហេង មាលី ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យចំណី អាហារខាងលើនេះ គឺផ្តោតសំខាន់ទៅលើនំកញ្ចប់ សាច់ក្រក សរសៃគុយទាវ លត មី និងភេសជ្ជៈគ្រឿងកំប៉ុងជាដើម ខ្លាចក្រែងមាន សារធាតុហាមឃាត់ ឬក៏ហួសកាលបរិច្ឆេទ។

ប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអ្នកលក់ដូរ ក្នុងសាលាប៊ែលធីទាំងអស់ ត្រូវមានអនាម័យល្អ ដើម្បីសុខភាពដល់សិស្សចៀសវាងការមានបញ្ហា ផ្នែកសុខភាព ត្រូវរៀបចំទុកដាក់គ្រឿង ដាច់ដោយឡែកពីគ្នា។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បបានបិទរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ឲ្យបានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប បានឲ្យដឹងថា ការចុះត្រួតពិនិត្យម្ហូបអាហារតាមសាលាប៊ែលធីនេះ គឺធ្វើឡើងតាំង១៧សាខា ហើយរយៈពេលពីរថ្ងៃនេះ បានត្រួតពិនិត្យម្ហូបអាហារ ក៏ដូចភេសជ្ជៈ បានចំនួន៤សាខាហើយ គឺសាខាទី២ សាខាទី៥ សាខាទី៩និងសាខាទី១២៕