(ពោធិ៍សាត់)៖ អ្នកទោសគ្រឿងញៀនម្នាក់ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១១ឆ្នាំ ហើយបានរត់គេចខ្លួនចេញពីពន្ធនាគារខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់បានហើយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ស្រេង ជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ អ្នកទោសខាងលើពិតជាត្រូវបានកម្លាំងនគរបាល ខេត្តពោធិ៍សាត់ចាប់ខ្លួនបានមែន ហើយប្រហែលនាំយកទៅដាក់នៅពន្ធនាគារ​ដែលទើបបង្កើតថ្មី នៅទីនោះតែម្តង គឺមន្ទីរអប់រំកែប្រែទី៤ (ក្នុងស្រុកភ្នំក្រវាញ)។

សូមបញ្ជាក់ថា កាលពីចុងខែសីហា ឆ្នាំ២០១៧កន្លងទៅនេះអ្នកទោសឈ្មោះ មាស សំណាង ហៅចាន់ណា អាយុ៤៧ឆ្នាំ រស់នៅមុនពេលចាប់ខ្លួន ស្ថិតនៅភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីជួញដូរគ្រឿងញៀន ហើយត្រូវតុលាការឃុំខ្លួនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ បានរត់គេចខ្លួនពីពន្ធនាគារខេត្តព្រៃវែង ខណៈដែលជននេះ និងអ្នកទោសផ្សេងទៀត ត្រូវបានមន្រ្តីអនុរ័ក្សពន្ធនាគារនាំមកក្រៅ បន្ទប់ឃុំឃាំងដើម្បីធ្វើពលកម្ម។

មន្រ្តីនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា អ្នកម្នាក់នេះត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រគរ សហការ
ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំដឹកនាំដោយ លោក ម៉ោល សុទ្ធ អធិការរងចុះអនុ​វត្តដីកាចាប់ខ្លួន នៅវេលាម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទីកន្លែងលាក់ខ្លួនរយៈពេលជិតកន្លះខែមកនេះ។ នៅពេលចាប់ខ្លួននោះ កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងមានរថយន្ត ហាយទ្រីតព៌ណសរ ១គ្រឿងពាក់ផ្លាកលេខ កោះកុង2A-07 31ផងដែរ៕