(ភ្នំពេញ)៖ ដើម្បីជាជំនួយបន្ថែម ដល់ការពង្រឹងចំណេះដឹង ជូនដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លើដំណើរការតួនាទីភារកិច្ច និងការរៀបចំប្រព្រឹត្តិទៅរបស់ក្រសួង ស្ថាប័ននីមួយនានា ឱ្យកាន់តែច្បាស់ថែមទៀតនោះ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលសន្និសីទ អគារមាសសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀប ចំសិក្ខាសាលាមួយស្តីពី «ដំណើរការតួនាទីភារកិច្ច និងការប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការទាក់ទាញវិនិយោគរបស់ប្រទេសកម្ពុជា»។

កម្មវិធីនេះ មានការចូលរួមពីលោកបណ្ឌិត គង់ ពុទ្ធារ៉ា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងពាណិជ្ជកម្ម ជាវាគ្មិនកិត្តិយស។

លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាចំណេះដឹងបន្ថែម ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតដែលសិក្សាគ្រប់កម្រិត គ្រប់ជំនាញ ជាពិសេសនិស្សិត ដែលសិក្សានៅក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីសិក្សាស្វែងយល់ពីតួនាទីភារកិច្ច ការរៀបចំប្រព្រឹត្តិទៅរបស់ក្រសួង និងការទាក់ទាញវិនិយោគ ឱ្យមកធ្វើការរកស៊ី នៅប្រទេសកម្ពុជា ដោយឈរលើកត្តាអំណោយផលជាច្រើនរបស់ប្រទេសកម្ពុជា ដែលចំណេះដឹងទាំងអស់នេះ ពិតជាមិនអាចសិក្សាស្វែងយល់ នៅក្នុងថ្នាក់រៀនបានឡើយ។

លោកសាកលវិទ្យាធិការរង ក៏បានគូសបញ្ជាក់បន្ថែម ពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយគិតតាំងពីការចាប់ផ្តើម រហូតមកល់បច្ចុប្បន្ន ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង ទៅតាមផ្នែកនីមួយៗច្បាស់លាស់ និងមានកំណើននិស្សិត ចូលមកសិក្សា និងបញ្ចប់ការសិក្សា បានជោគជ័យគួរជាទីមោទនៈ។ ស្ថិតក្នុងឱកាសនោះ លោកសាកលវិទ្យាធិការរងក៏បានជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ឱ្យខិតខំយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះបទបង្ហាញរបស់វាគ្មិនយើង និងសាកសួរនូវរាល់ ចម្ងល់ទាំងឡាយណាទាក់ទងទៅនឹងប្រធានបទខាងលើ ដើម្បីទទួលបាននូវចំណេះដឹងយកធ្វើជាដើមទុនក្នុងការគ្រប់គ្រង ផ្ទេរ និងសិក្សាស្រាវជ្រាវបន្ថែមទៀត។

លោកបណ្ឌិត គង់ ពុទ្ធារ៉ា ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិត បានពន្យល់យ៉ាងក្បោះក្បាយ ពីតួនាទីភារកិច្ច រចនាសម្ព័ន្ធ ក្រសួងពាណិជ្ជកម្ម ព្រមទាំងការទាក់ទាញវិនិយោគ របស់កម្ពុជា ជូនដល់អង្គសិក្ខាសាលាទាំងមូល។ លោកបណ្ឌិតបានលើកឡើងថា ក្រសួងពាណិជ្ជកម្មជាកន្លែងផ្ដល់ជូននូវសេវាដើម្បីបំពេញនូវរាល់តម្រូវការ នៅក្នុងការប្រកបរបរអាជីវកម្ម និងវិនិយោគនៅកម្ពុជាជូនដល់សាធារណជន។ ក្រសួងនឹងបន្តការអនុវត្តគោលនយោបាយពាណិជ្ជកម្ម ដើម្បីជាផលចំណេញជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ចំពោះការផ្ដល់ជូនសេវាសាធារណៈ ក្រសួងពាណិជ្ជកម្មបានតាំងចិត្តយ៉ាងមុតមាំក្នុងការផ្ដល់សេវាជូនទៅសាធារណជន តាមរយៈការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដ៏ទំនើប និងឈានមុខគេដែលមានប្រសិទ្ធភាពខ្ពស់ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការឆ្លើយតបតាមពេលវេលា និងប្រើប្រាស់រយៈពេលខ្លី។

ជាចុងក្រោយលោកបណ្ឌិតវាគ្មិន បានផ្តាំផ្ញើរដល់អង្គសិក្ខាសាលាទាំងមូល បន្ទាប់ពីទទួលបាននូវចំណេះដឹងទាក់ទងទៅនឹងគោលនយោបាយ ចក្ខុវិស័យ របស់ក្រសួងហើយជួយផ្សព្វផ្សាយបន្តដល់មិត្ត ភក្តិ និងបងប្អូនទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចង់វិនិយោគឱ្យបានយល់ច្បាស់ ពីឱកាសវិនិយោគរបស់ប្រទេសកម្ពុជាយើង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជារបស់យើងមាន GDP កើនឡើងថែមទៀត ហើយលោកវាគ្មិន ក្នុងនាមក្រសួងនៅតែបន្តគាំទ្រ និងជួយចែករំលែកនូវចំណេះដឹង ទាក់ទងទៅនឹងកិច្ចការរបស់ក្រសួងពាណិជ្ជកម្ម ជូនដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិត របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តទៅទៀត៕