(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានណែនាំនូវយុទ្ធសាស្ត្រការងារចំនួន ៨ចំណុចសំខាន់ៗ ដល់សិក្ខាកាមប្រមាណ ៥០នាក់ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

អនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងមន្រ្តីរាជការ កិច្ចការរដ្ឋបាលទូទៅ និងបដិសណ្ឋារកិច្ច» ដែលមានចូលរួមពីមន្រ្តីទេសចរណ៍មកពីទីស្ដីការក្រសួងទេសចរណ៍ និងមកពីតាមបណ្ដាខេត្តនានានា ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

យុទ្ធសាស្រ្តការងារទាំងនោះ រួមមាន៖

១៖ ជំរុញការផ្តល់សេវាសាធារណៈគ្រប់រូបភាព ឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវរបស់ប្រជាពលរដ្ឋ។

២៖ ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្រ្តីរាជការ ដូចមានចែងក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ិវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៣៖ បន្តជំរុញការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ពិសេសមន្រ្តីរាជការជាស្រ្តី និងមន្រ្តីក្របខណ្ឌថ្មី ឆ្លើយតបនឹងតម្រូវការ និងផែនការសកម្មភាពរបស់ក្រសួង និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

៤៖ បន្តប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ «បុគ្គលិកម្នាក់ ជំនាញមួយ»។

៥៖ បន្តផ្សព្វផ្សាយពីសក្តានុពល និងផលិតផលទេសចរណ៍ តាមគ្រប់រូបភាព ពិសេសផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាព័ត៌មានវិទ្យា។

៦៖ សម្របសម្រួល និងជំរុញការសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័ន ពិសេសគ្រប់អង្គភាព នៃក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយស្ថេរភាព និងនិរន្តរភាព។

៧៖ ត្រូវគោរពវិន័យ និងឋានានុក្រម រដ្ឋបាលនៅក្នុងពេលបំពេញការងារ។

៨៖ ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវ ផលប្រយោជន៍ជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍របស់អង្គភាព ក្រសួង ស្ថាប័ន និងផលប្រយោជន៍របស់មន្ត្រីរាជការ។

សិក្ខាកាមគ្រប់គ្នាបានប្ដេជ្ញាយកបទពិសោធន៍ពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយបន្តដល់មន្រ្តីរាជការដទៃទៀត ចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីឱ្យការអនុវត្តការងារមានភាពល្អប្រសើរ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងមក ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ៥លាននាក់ កើនទ្បើង ៥% ដោយបាននាំមកនូវចំណូលជូនជាតិប្រមាណ ៣ពាន់លានដុល្លាអាមេរិក និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ រួមចំណែកប្រមាណ១៣% នៃផលិតផលក្នុងស្រុក (GDP)ហើយក្នុងឆមាសទី១ ដើមឆ្នាំ២០១៧ ទេសចរណ៍អន្តរជាតិមានចំនួនប្រមាណជាង ២.៦ លាននាក់ កើនឡើង ១២.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។​

តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០១២-២០២០ និងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ ក្នុងការជំរុញចលនាប្រទ្បងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់៕