(ភ្នំពេញ)៖ បន្ទាប់ពីហ្វេសប៊ុកសីហា ទម្លាយនូវវិដេអូដ៏សំខាន់មួយដែលលោក កឹម សុខា ដែលនិយាយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ ដែលមានខ្លឹមសារថា «ខ្ញុំផ្ទាល់គឺត្រូវបានទទួលការគាំទ្រពីរដ្ឋាភិបាលអាមេរិក ជាថវិកាដើម្បីបណ្តុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អស់រយៈពេល៥ឆ្នាំមកហើយ»។

នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា សុំមិនបញ្ចេញឈ្មោះបានលួចទម្លាយប្រាប់ បណ្តាញព័ត៌មាន Fresh News យ៉ាងខ្លីឲ្យដឹងថា «សំណុំរឿងលោក កឹម សុខា យើងកំពុងស៊ើបអង្កេតបន្តរកអ្នកពាក់ព័ន្ធ»

មន្រ្តីជាន់ខ្ពស់នៅក្នុងគណបក្សប្រឆាំង ក៏បានលួចទម្លាយប្រាប់បណ្តាញ Fresh News នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះដែរថា «រយៈពេលប៉ុន្មានថ្ងៃមកនេះ សកម្មជនបក្សប្រឆាំងមួយចំនួន ក៏បាននាំគ្នារត់គេចខ្លួនចេញទៅក្រៅប្រទេសរួចហើយ។ បើតាមប្រភពអ្នករស់នៅជិតខាងដែលជិតស្និទ្ធជាមួយលោក ហ៊ីង សុខសាន្ត បានបង្ហើបឱ្យដឹងថា លោក ហ៊ីង សុខសាន្ត ព្រមទាំងក្រុមគ្រួសារបានចាក់សោរបិទទ្វារផ្ទះ ហើយបានរត់គេចខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា ២០១៧ ឆ្លងទៅកាន់ប្រទេសថៃ។

នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានបញ្ជាក់ប្រាប់​ Fresh News យ៉ាងដូច្នេះថា៖ បន្ទាប់ពីបញ្ចប់ការពិភាក្សា ដេញដោលចំពោះមុខនិងសាកសួររចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ​ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»។

លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២៖៣៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាម ការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ខាត មិនឱ្យសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយបង្គាប់ឱ្យមានការស៊ើបអង្កេតថែមទៀតចំពោះជនបរទេស ដែលមានការពាក់ព័ន្ធនឹងករណីក្បត់ជាតិរបស់ លោក កឹម សុខា៕