(ព្រះវិហារ)៖ សពនារីវ័យជំទង់ម្នាក់ត្រូវ បានក្រុមគ្រួសាររកឃើញនៅ ក្នុងព្រៃមួយកន្លែង ដែលមានចំងាយពីភូមិប្រហែលមួយគីឡូម៉ែត្រ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលការប្រទះឃើញសពក្មេងស្រីនេះ គឺបន្ទាប់ពីក្មេងស្រីនេះ បានបាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ខណៈក្មេងស្រីនេះ បានទៅឃ្វៀលគោម្នាក់ឯង។

លោកឧត្តមសេនីយ៍ត្រី ហុង ចំរើន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលបន្ទុកព្រហ្មទណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសព បានធ្វើការសន្និដ្ឋានថា ជាករណីរំលោភសម្លាប់ ការដែលសន្និដ្ឋានបែបនេះ ក៏ព្រោះតែនៅលើខ្លួនសាកសព គឺមានអាក្រាតកាយផ្នែកខាងក្រោម រួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកឧត្តមសេនីយ៍ត្រី ហុង ចំរើន បានឲ្យដឹងទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរចម្លើយ។

លោកបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ជនរងគ្រោះដែលខ្លួនសម្លាប់នៅក្នុងព្រៃនោះ គឺខ្លួនមិនបានរំលោភនោះទេ ហើយចំពោះការរបូតខោនោះ គឺមុនដំបូងខ្លួនបានវាយជនរងគ្រោះរហូតសន្លប់ រួចក៏អូសជនរងគ្រោះចូលព្រៃ បន្តទៀតទើបអាក្រាតផ្នែកខាងក្រោមនេះ។

ជនសង្ស័យបានបន្តថា ការសម្លាប់ជនរងគ្រោះ គឺបណ្តាលមកពីករណីគំនុំ ដែលគ្រួសារស្ត្រីរងគ្រោះ តែងដៀលគ្រួសារជនសង្ស័យថា ជាចោរលួចគោ ដែលពាក្យនេះ ហើយធ្វើឲ្យជនសង្ស័យមានគំនុំរហូតមានឱកាសសម្លាប់ស្ត្រីវ័យជំទង់នេះតែម្តង។

លោកស្នងការរង បានបន្តទៀតថា សាកសពក្មេងស្រីរងគ្រោះមានឈ្មោះ រឹម ធារី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយឡែកជនសង្សយ័មានឈ្មោះ គង់ សំណាង អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់។ លោកស្នងការរងក៏ បានអំពាវនាវឲ្យអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយត្ន័ចំពោះកូនស្រី មិនត្រូវបណ្តែតបណ្តោយឲ្យទៅណាមកណាតែម្នាក់ឯងនោះទេ ព្រោះវាងាយនឹងរងគ្រោះថ្នាក់ដែល យើងមើលមិនឃើញ ហើយកន្លងមកនគរបាល តែងបានចុះអប់រំផ្សព្វផ្សាយជាញឹកញាប់ផងដែរ៕