(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសដាក់ផែនការដល់ថ្នាក់ដឹកនាំនគរបាលទាំងអស់ ត្រូវបង្កើនផែនការសកម្មភាព ទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ឲ្យបានកាន់តែច្រើនថែមទៀត។

នេះបើតាមការឲ្យពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីផែនការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើស នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី អគ្គស្នងការរង ប្រធាននាយកដ្ឋាន និងស្នងការនគរបាលទាំង២៥រាជធានី-ខេត្ត។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា  «កិច្ចប្រជុំនេះយើងបានដាក់ចេញនូវផែនការមួយ គឺការបង្កើនសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ សកម្មភាពលួចឆក់...កន្លងមកយើងមិនមែនមិនធ្វើការងារនេះទេ ប៉ុន្ដែសកម្មភាពលួច ឆក់ ពិសេសសកម្មភាពឆក់នេះ វានៅតែកើតមានជាបន្ដបន្ទាប់ ទោះបីជាយើងបង្ក្រាប និយាយរួមបង្ក្រាបបាន៨០ភាគរយ ប៉ុន្ដែវានៅតែកើត»។

អ្នកនាំពាក្យអគ្គស្នងការរូបនេះ បន្ថែមថា ទោះបីសកម្មភាពនេះមានរូបភាពតូចជាងករណីឃាតកម្ម ប្លន់ ប៉ុន្ដែផលប៉ះពាល់វាមានសភាពធ្ងន់ធ្ងរប្រហែលគ្នា ជាក់ស្ដែងអំពើឆក់ខ្លះបណ្ដាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗ ហើយបើក្រុមចោរឆក់ប៉ះជនជាតិបរទេសវិញ វាក៏នាំឲ្យខូចកេរ្ដិ៍ឈ្មោះដល់ប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងផែនការនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បញ្ជាឲ្យថ្នាក់ដឹកនាំនគរបាលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយថ្មីៗនេះនគរបាលយុត្តិធម៌ បានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពើក្បត់ជាតិ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះខ្លាចក្រែងមានអំពើពាក់ព័ន្ធករណីនេះកើតឡើងជាយថាហេតុ៕