(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ជាភរិយា នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីរាជការក្នុងខណ្ឌ រួមជាមួយប្រជាពលរដ្ឋ ពាំនាំនូវបច្ច័យ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន ដើម្បីចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តឧត្តរាវតី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌវេនទី៤ ខាងលើនេះដែរ លោក ជា ពិសី និងភរិយា លោកស្រី អាន ផល្លា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួនដូចជា៖ អង្ករ១បាវ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស ទឹកស៉ីអ៉ីវ២យួរ ទឹកត្រី២យួរ ត្រីខ២យួរ ស្កសរ២គីឡូក្រាម តែ២កញ្ចប់ធំ ស្លាដក១កញ្ចប់ធំ និងបច្ច័យ៨២ម៉ឺន៥ពាន់រៀល ដើម្បីយកមកប្រគេនដល់ព្រសង្ស ដែលគង់ចាំព្រះវស្សា នៅវត្តឧត្តរាវតី ដើម្បីទុកកសាងនូវសមិទ្ធផលផ្សេងៗក្នុងវត្ត និងដើម្បីសុំសេចក្ដីសុខសប្បាយគ្រប់ៗផងដែរ។

បន្ថែមពីនេះ លោក ជា ពិសី និងភរិយា លោកស្រី អាន ផល្លា បានបន្តពាំនាំនូវបច្ច័យ៧០ម៉ឺនរៀល អង្ករ១បាវ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស ទឹកស៉ីអ៉ីវ២យួរ ទឹកត្រី២យួរ ត្រីខ២យួរ ស្កសរ២គីឡូក្រាម តែ២កញ្ចប់ធំ ស្លាដក១កញ្ចប់ធំ ដើម្បីយកទៅប្រគេនដល់ព្រះសង្ស ដែលគង់ចាំព្រះវស្សា នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីសុំសេចក្ដីសុខ និងឧទ្ទិសកោសល្យដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជីដូនជីតាញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕