(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរសិប្បកម្ម ឧស្សាហ៍កម្ម បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្ករត្នោតក្រហម លាយជាមួយស្ករស ដើម្បីឲ្យក្លាយជាស្ករត្នោតសល្អចំនួន២កន្លែង នៅក្នុងក្រុង-ខេត្តពោធិសាត់ ដោយសង្ស័យមានដាក់សារធាតុគីមីហាមឃាត់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្ករត្នោតក្រហម លាយជាមួយស្ករស ដើម្បីឲ្យក្លាយជាស្ករត្នោតសល្អចំនួន២កន្លែង គឺរកមិនឃើញមានសារធាតុគីមីហាមឃាត់ណាមួយដាក់លាយនោះទេ។

នៅក្នុងឱកាសចុះពិនិត្យទីតាំងសិប្បកម្មខាងលើ មន្រ្តីកាំកុងត្រូល ក៏បានណែនាំឲ្យម្ចាស់សិប្បកម្ម គួរតែដាក់ស្លាកសញ្ញាសំគាល់ឲ្យបានត្រឹមត្រូវផងដែរ។ ចំណែកខាងមន្ទីរឧស្សាហកម្ម ក៏បានណែនាំឲ្យម្ចាស់ទីតាំងផលិតឲ្យមានអនាម័យផងដែរ។ ជាមួយគ្នានោះដែរ មន្រ្តីជំនាញកាំកុងត្រូល បានត្រួតពិនិត្យទំនិញ នៅតាមស្តង់ធំៗចំនួន៤កន្លែង និងតូបលក់ទំនិញ៣កន្លែង នៅផ្សារក្រុងពោធិ៍សាត់ ដោយរកឃើញទំនិញទឹកក្រូច Fanta ហួសកាបរិច្ឆេទប្រើប្រាស់ចំនួន346ដប។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕