(ភ្នំពេញ)៖ ​រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៧ និងលើកទិសដៅបន្តរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ។

​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងសកម្មភាពចុះមូលដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ និងខណ្ឌទាំង១២ ដែលជាយន្តការសំរាប់ជំរុញគាំទ្រ និងតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣របស់​រាជរដ្ឋាភិបាល សំដៅពិភាក្សាវាយតំលៃចំណុចខ្លាំង ចំណុចខ្សោយ និងផ្តល់ជាអនុសាសន៏សំរាប់ដាក់ចេញជាទិសដៅភារកិច្ច និងវិធានការសមស្របឆ្លើយតបបានទាន់​ពេលវេលានូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានសុង្គតិភាពរវាងរដ្ឋបាល​បាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា ប្រមែប្រមូលព័ត៌មាន ស្វែងយល់ពីតំរូវការ សំណូមពរ និងសំរបសំរួលដោះស្រាយបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ»

លោកស្រី ម៉ែន សំអន បានថ្លែងថា «ការចុះមូលដ្ឋានរបស់យើង គឺមានសារសំខាន់ច្រើន ដែលធ្វើឲ្យក្រុមការងារអាចឈ្វេងយល់ស្ថាន ភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋយល់ពីតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ សំរាប់លើកឡើងមកដោះស្រាយនៅថ្នាក់ជាតិ និងយល់ពីសកម្មភាពការងារ របស់មន្ត្រីមូលដ្ឋាន អាចពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យជឿជាក់ និងកក់ក្តៅជាមួយរាជរដ្ឋាភិបាល មានឱកាសពន្យល់ប្រជាពលរដ្ឋ ឲ្យជ្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចំបងៗ បានស៊ីជំរៅ ក៏ដូចបង្កើននូវភាពស្និតស្នាលរវាងរាជរដ្ឋាភិបាល រដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ»