(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានក្រើនរំលឹកដល់ថ្នាក់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពុងឆ្នាំង ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិ ឃុំ សង្កាត់ ដោយត្រួវចុះឲ្យដល់តាមខ្នងផ្ទះនីមួយៗ ដើម្បីស្វែងយល់ពីការរស់នៅរបស់ពួកគាត់ ហើយត្រូវជួយដោះស្រាយឲ្យមានប្រសិទ្ធភាព ចំពោះអតីតយុទ្ធដែលមានបញ្ហាក្នុងជីវភាព។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានយោធភូមិភាគពិសេស ដោយមានវត្តមានចូលរួមពីប្រធាន អនុប្រធានគណៈកម្មាធិការសមាគម រាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង ផងដែរ។

លោកអគ្គលេខាធិការ គន់ គីម បានបញ្ជាក់អតីតយុទ្ធជន គឺជាអ្នកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសង្គមជាតិ ដូច្នេះនៅពេលប្រទេសជាតិបានទទួលនូវមនុញ្ញផលពីការពលីរបស់គាត់ហើយ ត្រូវតែយកចិត្តទុកដាក់ចំពោះគាត់។ នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកយ៉ាងដូច្នេះ «រាល់ការចុះជួបបងប្អូន ត្រួវពិនិត្យស្ថានភាពជីវភាព សុខភាព របស់គ្រួសារនីមួយៗ ហើត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយបញ្ហារបស់បងប្អូន ពេលឃើញពីទុក្ខលំបាក ដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ ឬ មានជំងឺត្រូវសង្គ្រោះ ឬ បញ្ជូនទៅមន្ទីរពេទ្យ ឬ បង្កលក្ខណៈអោយទទួលបានសេវាសាធារណៈផ្សេងៗ។ ដាច់ខាត មិនត្រូវទុកអោយបងប្អូន ជួបទុក្ខលំបាក ដោយយើងមិនបានដឹង ហើយ មិនបានដោះស្រាយនោះឡើយ»

លោកបន្តថា «ជាការពិតអតីតយុទ្ធជនយើង ត្រូវការចាំបាច់នូវការលើកទឹកចិត្ត ត្រូវការភាពកក់ក្តៅ ការសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហារបស់បងប្អូន។ ជាក់ស្តែងការងារ ដែលយើងបានសហការអនុវត្តកន្លងមក ដូចជា ការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឬ ពិធីប្រគល់ផ្ទះជាដើម គឺជាសកម្មភាព សប្បុរសដ៏ប្រពៃ ដែលចាំបាច់ត្រូវអនុវត្តបន្តទៀត»

ពាក់ព័ន្ធទៅនឹងដីបម្រុងទុកសម្រាប់គោលដៅ សម្បទានសង្គមកិច្ចរបស់រដ្ឋ មានពីរទីតាំង ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ទេរ និង ប្រគល់សិទ្ធិជូនគណៈបញ្ជាការឯកភាពខេត្តកន្លងមកនោះ អគ្គលេខាធិការ គន់ គីម បានស្នើឲ្យគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត កំពង់ឆ្នាំង ពង្រឹងកិច្ចសហការ ថែរក្សា និងគ្រប់គ្រងឲ្យបានម៉ត់ចត់ ទប់ស្កាត់អោយបាន ការរំលោភទន្ទ្រានពីជនខិលខូច ហើយរៀបចំ កំណត់ ព្រំខ័ណ្ឌច្បាស់លាស់ សម្រាប់អភិវឌ្ឍន៍អតីតយុទ្ធជន និងគ្រួសារ ដែលក្រលំបាកកំពុងត្រូវការចាំបាច់ នូវលំនៅដ្ឋានសមរម្យ និងដីបង្កបង្កើនផលសម្រាប់ដោះស្រាយជីវភាព។

របាយការណ៍របស់លេខាធិការដ្ឋាន យោធភូមិភាគពិសេសឲ្យដឹងថា អតីតយុទ្ធជនជាសមាជិកសមាគមក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងដែលទ័លក្រ មានចំនួនសរុប ១,២៩០គ្រួសារ ក្នុងនេះ អ្នកដែលមានដីតែមានផ្ទះមិនសមរម្យចំនួន ៩៦គ្រួសារ។ អ្នកដែលអត់ទាំងដីទាំងផ្ទះរស់នៅជាមួយសាច់ញាតិ ឬ ផ្ទះជួល ចំនួន ៩៨៣គ្រួសារ និងរស់នៅលើដីសាធារណៈ ចំនួន ២១១គ្រួសារ។

នាយឧត្តមសេនីយ គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមរាជធានី ខេត្ត ពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការធ្វើបច្ចុប្បន្នភាព អតីត យុទ្ធជន និងគ្រួសារ ដែលបានស្នើសុំដីសម្បទានសង្គមកិច្ច តាំងពីឆ្នាំ២០០៩មក រកឲ្យឃើញនូវចំនួនអតីតយុទ្ធជន នៅសល់ជាក់ស្តែង ក្នុងនេះ មានអ្នកដែលទ័លក្រ ពិតប្រាកដប៉ុន្មានគ្រួសារ និង បានស្នើសុំដីសម្បទាននៅទីតាំង នៃគោលដៅខេត្តណាខ្លះ? ហើយរៀបចំបញ្ជីឈ្មោះឡើងវិញ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យដោះស្រាយសំណូមពរបងប្អូនឲ្យបានសមស្រប។

សូមបញ្ជាក់ថា អតីតយុទ្ធជន និងគ្រួសារខេត្តនានា ដែលបានស្នើសុំដីសម្បទានសង្គមកិច្ច នៅទីតាំង នៃខេត្តកំពង់ឆ្នាំងនេះ មានចំនួន ៧០២គ្រួសារ។ មកទល់ពេលនេះ ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសមាជិកសមាគមអតីត យុទ្ធជន ក្រលំបាកក្នុងយោធភូមិភាគពិសេសនេះ មានចំនួនសរុប ២៥ខ្នង ក្នុងនោះនៅរាជធានីភ្នំពេញ ១៣ខ្នង ខេត្តកណ្តាល ៥ ខ្នង និងខេត្តកំពង់ឆ្នាំង ៧ខ្នង៕