(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវដល់អ្នកបើកបរ យានយន្តទាំងអស់ កុំទទួលទានជាតិស្រវឹងហើយបើកបរ ព្រោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានហានិភ័យខ្ពស់កើតមានគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍បន្តថា រយៈពេល៦ថ្ងៃនៃការយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរ នាយកដ្ឋានបានត្រួតពិនិត្យយានយន្តចំនួន១០១១គ្រឿង (រថយន្ត៩៩០គ្រឿង) រកឃើញអ្នកបើកបរមានជាតិស្រវឹងចំនួន ៣២៧នាក់ (អ្នកបើកបរម៉ូតូ ១៦នាក់)។

លោកឧត្តមសេនីយ៍បន្តថា ដោយឡែកចំពោះអ្នកបើកបរយានយន្ត ដូចជាទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងរថយន្តដែលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវហើយមិនមានបណ្ណសម្គាល់ (កាតគ្រី) ឬគ្មានផ្លាកលេខ គឺល្មើសនិងមាត្រា១២ នៃអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ ចំពោះល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាប្រាក់៤០ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និង៨០ម៉ឺនរៀលចំពោះយានយន្តធុនធ្ងន់។

លោកឧត្តមសេនីយ៍ សូមអំពាវនាវដល់អ្នកបើកបរទាំងអស់ មិនត្រូវទទួលទានជាតិស្រវឹងហើយបើកបរ និងសូមអំពាវនាវដល់ម្ចាស់ ក្រុមហ៊ុននាំចូលត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង/ឬដាក់លក់ក្នុងឃ្លាំង ព្រមទាំងម្ចាស់យាន្តយន្តដែលមិនទាន់ផ្លាកលេខ ត្រូវរួសរាន់ទៅចុះបញ្ជីសុំបណ្ណសម្គាល់ និងផ្លាកលេខបំពាក់លើយានយន្តរបស់ខ្លួន ដើម្បីកុំឲ្យប្រឈមនឹងផ្លូវច្បាប់៕