(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ពោលគឺនៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ចៅទី១៩ របស់សម្តេច ដែលជាចៅប្រុសថែមទៀតនោះ បានសម្រាលហើយ។ ចៅទី១៩ ដែលកូនរបស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន និងលោក ឌី វិជ្ជា នោះ មានឈ្មោះថា «ឌី សែន វិទូ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀត ចៅប្រុសម្នាក់នេះ នឹងធ្វើឲ្យសម្តេចមានលទ្ធភាពបង្កើតក្រុមបាល់ទាត់មួយថែមទៀតផង។ ជាមួយនឹងការទទួលបានចៅទី១៩ ចៅទី២០ របស់សម្តេចតេជោ ហ៊ុន សែន ក៏នឹងត្រូវសម្រាលនៅខែតុលា ឆ្នាំ២០១៧នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃទន្ទឹងរង់ចាំបានមកដល់ហើយ។ មុននេះបន្តិចចៅប្រុសទី១៩ បានសម្រាលមកហើយ ដែលធ្វើឲ្យខ្ញុំមានលទ្ធភាពបង្កើតបានក្រុមបាល់ទាត់មួយក្រុម ដែលប្រម៉ូលផ្តុំចៅប្រុសៗទាំង ១១នាក់ និងបើគិតទាំងចៅប្រុសមួយទៀតដែលនឹងសម្រាលនាខែតុលា ២០១៧ ខាងមុខខ្ញុំនឹងមានចៅប្រុស ១២នាក់ និងចៅស្រី ៨នាក់ សរុប២០នាក់»។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា «យើងអាចមានបាល់ទាត់បុរស ១ក្រុម បាល់ទះបុរស ១ក្រុម និងបាល់ទះនារី ១ក្រុម។ ចៅប្រុសៗត្រូវតែចេះលេងបាល់ទាត់ផង និងបាល់ទះផង ទើបយើងអាចមានក្រុមបាល់ទាត់ផង និងក្រុមបាល់ទះផង។ ចៅទី១៩ ដែលទើបចេញពីផ្ទៃម្តាយ នឹងត្រូវដាក់ឲ្យលេងខ្សែបម្រើ។ ខ្ញុំនឹងក្លាយជាគ្រូបង្វឹកទាំងបាល់ទាត់ និងបាល់ទះសម្រាប់ចៅប្រុសៗ។ ចៅប្រុសដែលទើបសម្រាលមកនេះ ត្រូវបានឪពុក ម្តាយគេដាក់ឈ្មោះថា (ឌី សែន វិទូ)»៕