(ភ្នំពេញ)៖ នេះពិតជាដំណឹងមួយ គួរឲ្យសប្បាយរីករាយណាស់ ចំពោះទស្សនិកជន ដែលពូកែតាមដានរឿងកូរ៉េ ដោយក្នុងនោះខ្សែភាពយន្តល្បីៗ របស់កូរ៉េចំនួនពីររឿង មានចំណងជើងថា «រថភ្លើងទៅប៊ូសាន» និងរឿង «អាថ៌កំបាំងបំផុត» នឹងត្រូវចាក់បញ្ចាំងឲ្យមហាជនទស្សនាឡើងវិញ ដោយឥតគិតថ្លៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅរោងភាពយន្តបែបកូរ៉េ Prime Cineplex ផ្សារទំនើប សុវណ្ណា។
ជាការពិតណាស់ ចំពោះខ្សែភាពយន្តចំនួនពីរ ដែលនឹងត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ គឺសុទ្ធសឹងតែជារឿងល្បីៗ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ទូរទាំងពិភពលោក។ ក្នុងនោះមានដូចជារឿង «រថភ្លើងទៅប៊ូសាន» ដែលជារឿងប្រភេទ ភាពយន្តហ្សូមប៊ី ភ័យរន្ធត់ព្រឺព្រួច និង កម្សត់។ ចំណែកឯខ្សែរភាពយន្តមួយទៀត ជាប្រភេទរឿង បែបកំប្លែង សើចក្អាក់ក្អាយ មានចំណងជើងថា «អាថ៌កំបាំងបំផុត»។
សូមបញ្ជាក់ថា រឿង «អាថ៌កំបាំងបំផុត» នឹងត្រូវចាក់ផ្សាយនៅវេលា ម៉ោង ២៖០០នាទីរសៀល។ ចំណែកឯរឿង «រថភ្លើងទៅប៊ូសាន» នឹងត្រូវចាក់បញ្ចាំងនៅវេលាម៉ោង ៥៖០០នាទីល្ងាច។ អ្វីដែលគួរឲ្យពិសេសជានេះទៅទៀតនោះ គឺក្រៅពីការទស្សនាភាពយន្ត ទស្សនិកជន ទាំងអស់ដែលអញ្ចើញចូលរួម ក្នុងកម្មវិធីមហោស្រពភាពយន្តកូរ៉េ ក៏បានយល់ដឹងពីវប្បធម៌កូរ៉េ, ទិញផលិតផលកូរ៉េ ដែលមានការបញ្ចុះតម្លៃ, ភ្លក្សម្ហូបបែបកូរ៉េមានរសជាតិឆ្ងាញ់ ដោយឥតគិតថ្លៃ និង លេងហ្គេមកំសាន្តជាច្រើន ដើម្បីឈ្នះរង្វាន់ពីកម្មវិធីផងដែរ៕