(ភ្នំពេញ)៖ លោក វិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៧ គិតត្រឹមខែមិថុនានេះ ការផ្តត់ផ្គង់អគ្គិសនីនៅកម្ពុជា មានប្រជាពលរដ្ឋក្នុងភូមិចំនួន ១១,៤០០ភូមិ ស្មើនឹង៧៩ភាគរយហើយ ទទួលបានការប្រើប្រាស់អគ្គិសនី ខណៈឆ្នាំ២០២០ រាជរដ្ឋាភិបាលដាក់ផែនការ ឲ្យប្រជាពលរដ្ឋនៅ១៤,១៦៨ភូមិទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់១០០%។

លោកបញ្ជាក់បែបនេះ នៅការប្រកាសសម្ពោធ គម្រោងវិនិយោគរួមគ្នារវាងកម្ពុជា ឡាវ និងថៃ លើការសាងសង់ថាមពលអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (Solar) អនុភាព២២៥មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន គ្លូប៊ល ភ្យូរីហ្វាយ ផៅវរី នៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តតាកែវនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

លោកបានគូសបញ្ជាក់ថា «រដ្ឋាភិបាលមានគោលនយោបាយក្នុងការធ្វើយ៉ាងណា ដើម្បីឲ្យប្រទេជាតិទាំងមូល មានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់នៅឆ្នាំខាងមុខ គឺឆ្នាំ២០២០ ឲ្យភូមិទាំងអស់ដែលមានចំនួន១៤,១៦៨ភូមិ។ ធ្វើមកទល់ថ្ងៃនេះ យើងគិតត្រឹមបំណច់ខែមិថុនា ការផ្គត់ផ្គង់ដល់ភូមិទាំងអស់បានចំនួន៧៩ភាគរយ គឺស្មើនឹង១១,៤០០ភូមិ»

លោកបន្តថា «ដើម្បីសម្រេចគោលដៅឲ្យមានសន្តិសុខថាមពល ចាំបាច់ត្រូវមានការអភិវឌ្ឍប្រភពថាមពលចម្រុះ ដែលកម្ពុជាយើងកំពុងមានបច្ចុប្បន្ន គឺថាមពលវារីអគ្គិសនី ថាមពលដែលបានមកពីធ្យូងថ្ម ថាមពលបានពីជីវម៉ាស់ និងថាមពលដែលនាំចូលពីប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណា​ម និងឡាវ។ ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ទៅ លើការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ»

ក្រៅពីនេះលោកក៏បានបញ្ជាក់ថាបន្ថែមថា បណ្តាញផ្គត់ផ្គង់នៅកម្ពុជាដែលរួមមាន២៥ខេត្តក្រុង ក្នុងនោះ១៥ខេត្តក្រុង បានតភ្ជាប់ជាមួយនឹងបណ្តាញបញ្ជូនជាតិ ហើយគោលដៅរបស់កម្ពុជានៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងរំពឹងថាសម្រេចឲ្យបាននូវផ្តល់អគ្គិសនីឲ្យបានទាំង២៥ខេត្តក្រុង ដោយថាមពលអគ្គិសនីក្នុងប្រភេទតុងស្យង់ខ្ពស់៕