(សៀមរាប)៖ ថ្ងៃនេះ រដ្ឋមន្ត្រីកសិកម្មនៃមហាអនុតំបន់មេគង្គ (GMS) បានប្រកាសគាំទ្រយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និង ផែនការសកម្មភាព ដើម្បី កសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារមួយនៅទូទាំងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាព Fresh News ទទួលបាន។

ប្រព័ន្ធនេះនឹងផ្អែកលើបទដ្ឋាន ដែលមានមូលដ្ឋានផ្អែកលើវិទ្យាសាស្ត្រ និងមានការទទួលស្គាល់ទៅវិញទៅមក ការតាមដានប្រភពផលិតផល និង ការចែករំលែកព័ត៌មាន ជាពិសេស ព័ត៌មានអំពីបញ្ជីរាយនាមគ្រោះថ្នាក់ សម្រាប់មុខទំនិញសំខាន់ៗមួយចំនួន។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើរតួនាទីជាលេខាធិការដ្ឋាន នៃមហាអនុតំបន់មេគង្គ ដែលរួមមានសមាសភាពចូលរួមដូចជា ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ជាពិសេសគឺខេត្ត Yunnan និង តំបន់ ស្វយ័តGuangxi Zhuang) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និង ប្រទេសវៀតណាម។

លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា «យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០១៨-២០២២ និង ផែនការសកម្មភាពក្រុងសៀមរាប នឹងជួយឱ្យយើងក្លាយជាអ្នកផ្គត់ផ្គង់ នាំមុខគេនូវផលិតផលកសិកម្ម ដែលមានសុវត្ថិភាព និង មិនប៉ះពាល់បរិស្ថាន។ វាគឺជាសក្ខីកម្មមួយយ៉ាងច្បាស់លាស់ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព តាមរយៈការធានាថាសុវត្ថិភាពចំណីអាហារ ដូចជាសន្តិសុខស្បៀង គឺជាសិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា»។

យោងតាមទិន្នន័យឆ្នាំ២០១៥ ពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា មានមនុស្សស្ទើរតែ១នាក់ ក្នុងចំណោម១០នាក់ បានធ្លាក់ខ្លួនឈឺជារៀងរាល់ឆ្នាំ ដោយសារទទួលទានអាហារដែលកខ្វក់ ក្នុងនោះមាន ៤២០,០០០នាក់ បានស្លាប់ដោយសារតែមូលហេតុនេះ។ បញ្ហានេះមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំងនៅអាហ្វ្រិក និង អាស៊ីអាគ្នេយ៍ ដែលអត្រាជម្ងឺបណ្តាលពីអាហារ មានកម្រិតខ្ពស់ជាងគេបំផុត។ ការផ្ទុះរាលដាលនៃជម្ងឺបណ្តាលពីអាហារនៅមហាអនុតំបន់មេគង្គ គឺបណ្តាលពីវត្តមាននៃមេឡាមីន ក្នុងសាធារណរដ្ឋប្រជាមានិតចិន និង សំណល់អង់ទីប៊ីយូទិក និងសំណល់អកម៉ូន នៅក្នុងផលិតផលសត្វពាហនៈ និងផលិតផលជលផលក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម៕