(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការសុខភាពដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា នាឱកាសដែលប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការបង្ការដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការពុលអាហារ ពុលស្រា និងជំងឺឆ្លងផ្សេងៗ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានណែនាំពីវិធីបង្ការសាមញ្ញមួយចំនួន រួមមាន៖
១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។
២៖ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។
៣៖ លាងសម្អាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ។
៤៖ សម្អាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
៥៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
៦៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។
៧៖ កុំរក្សាទុកអាហារក្នុងកម្ដៅធម្មតាលើសពី២ម៉ោង។
៨៖ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ៖ ក. បើរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ, ខ. បើរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ។
៩៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖