(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ចិន បានថ្លែងប្តេជ្ញាការពារចំណងទំនាក់ទំនងដ៏ល្អូកល្អិន និងដ៏យូរអង្វែងរវាងកម្ពុជា និងចិនមិនឲ្យនរណាម្នាក់មកបំបែកបំបាក់បាននោះឡើយ ហើយថែមទាំងបញ្ជាក់ទៀតថា រាល់ឧបសគ្គទាំងឡាយរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា ក៏ជាជោគជ័យរបស់ចិនផងដែរ។

ការបញ្ជាក់បែបនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

លោក Wang បានបានបង្ហាញពីការប្តេជ្ញាចិត្តរក្សាទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងជំនួបនោះថា «ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ»

ក្នុងជំនួបនាព្រឹកមិញនេះលោក Wang Jiarui ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីចិន Xi Jinping និង លោក Li Kequiang នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្តេចតេជោផងដែរ។ លោក Wang Jiarui បានបញ្ជាក់ទៀតថា ប្រទេសចិន បានរៀបចំរួច ទទួលសម្តេចតេជោ នៅក្នុងដំណើរទស្សនកិច្ចអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ាន រួមជាមួយនឹងកិច្ចប្រជុំកំពូលអំពីការវិនិយោគ ពាណិជ្ជកម្ម ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិននាសប្តាហ៍ក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Wang Jiarui ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពកម្ពុជាចិនពេលនេះ ហើយសម្តេចតេជោ ក៏បានអរគុណលោកប្រធានាធិបតីចិន Xi Jinping និង លោកនាយករដ្ឋមន្រ្តីចិន Li Kequiang ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចតេជោ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសង្ឃឹមថា លោកប្រធានាធិបតីចិន Xi Jinping នឹងបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនតទៅទៀត នៅក្នុងមហាសន្និបាតបក្សខាងមុខនេះ។

ក្រោយពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិសារអហារថ្ងៃត្រង់ជូនលោក Wang Jiarui និងគណប្រតិភូមិត្តចិននៅវិមានសន្តិភាពប្រកបដោយបិរយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

សូមបញ្ជាក់ថា នៅក្នុងជំនួបសំណេះសំណាល និងសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃម្សិលមិញនេះ លោក Wang Jiarui ក៏បានបង្ហាញពីការគាំទ្រចំពោះចំណាត់ការរបស់កម្ពុជា ក្នុងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្កោះជាតិ ហើយថែមទាំងប្តេជ្ញាជួយកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់៕