(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀត នៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរស្ពានអាកាសក្បាលថ្នល់សព្វថ្ងៃ។ នេះបើតាមការឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់កិច្ចប្រជុំ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុន OCIC និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ ដោយលោកបញ្ជាក់ថា «ស្ពានអាកាសក្បាលថ្នល់ នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ ពោលគឺនៅរក្សាតែស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម»

ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ នៅស្ពានអាកាសក្បាលថ្នល់ននេះត្រូវបាន លោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់ មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេក រហូតដល់រាប់លានដុល្លារឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀត នៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់នេះតែម្តង។

លោកបញ្ជាក់ទៀតថា «គម្រោងនេះយើងបានសិក្សារួចហើយ ពោលគឺ នៅតែសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ក្រោយពីមានការសម្រេចពី រាជរដ្ឋាភិបាលហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកការដ្ឋានតែម្តង»។

លោកបញ្ជាក់ថា ក្រោយការស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ ជាមួយនិងផ្លូវ៦០ម៉ែត្រនេះរួច នឹងអាចដោះស្រាយការកកស្ទះនៅតំបន់ក្បាលថ្នល់នេះ បានយ៉ាងរលូតជាក់ជាមិនខាន។ លោក ម៉េត មាសភក្តី បានឲ្យដឹងបន្តទៀតថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរ ប៉ូលីសដាក់កម្លាំងដើម្បីសម្រួលចរាចរ នៅរង្វង់មូលចោមចៅដល់ ផ្លូវអូឌឹមកប់ស្រូវ ដើម្បីកុំអោយកកស្ទះចរាចរខ្លាំង ខណៈដែលស្ពានអាកាសចោមចៅ គ្រោងនឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ៕