(ភ្នំពេញ)៖ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្ត្រីជំនាញខណ្ឌ និងយកគ្រឿងចក្រ យកមកវាយកម្ទេចសំណង់សង់បិទផ្លូវសាធារណៈ ដែលនៅសេសសល់ បន្ទាប់ពីអាជ្ញាធរបាន ជូនដំណឹងសំណើសុំឲ្យរុះរើ របងទទឹងផ្លូវ និងសួនដែលសាងសង់រលោភ លើផ្លូវសាធារណៈនេះ ចេញឲ្យអស់ក្នុងរយៈពេល៣ថ្ងៃ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ការចុះពិនិត្យ និងវាយរបងដែលនៅសេសសល់នេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក សេង គន្ធ បានឲ្យដឹងថា របង និងសួន ដែលសាងសង់រំលោភលើផ្លូវសាធាណៈនោះ គឺមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើចរាចរណ៍ទៅវិញទៅមក និងដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងប៉ះពាល់ប្រយោជន៍សាធារណៈនោះ។
អភិបាលរងរូបនេះ បានបន្តទៀតថា ក្នុងករណីខាងលើនេះ ក្រោយពីអាជ្ញាធរបានជូនដំណឹងរួច ហើយនោះ ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ ក៏បានយល់ព្រមរុះរើដោយខ្លួនឯង ដោយស្ម័គ្រចិត្ត និងសំណង់ ដែលនៅសេសសល់ទាំងប៉ុន្មាននោះអាជ្ញាធរ និងរុះរើដោយផ្ទាល់តែម្តង៕