(ព្រះវិហារ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននាំយកថវិការចំនួន៨០លានរៀល ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត ដើម្បីអបអរសាទរឱកាសបុណ្យភ្ជុំបិណ្ឌ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដោយធ្វើការកោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យ រយៈពេលកន្លងមក។ លោកក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការត្រូវចេះរួមសហការសាមគ្គីគ្នា មិនត្រូវបែងចែកបក្ខពួកឡើយ​ និងត្រូវខិតខំបំពេញការងារបន្ថែមទៀត ដើម្បីឲ្យរដ្ឋបាលខេត្តទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

លោកក៏បាននាំយកថវិកា៥ម៉ឺនរៀលបន្ថែមទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។

បន្ទាប់មក លោក អ៊ុន ចាន់ដា រួមនិងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែក១៦មករា ព្រមទាំងបាននាំអំណោយកាកបាទក្រហមកម្ពុជា យកទៅចែកជូនផងដែរ និងបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខប្អូនៗ នៅមជ្ឈមណ្ឌលកុមារកំព្រា និងបងប្អូននៅក្នុងមជ្ឈមណ្ឌលកីតម្បាញកម្ពុជា ព្រមទាំងបានចែកអំណោយជាសម្ភារៈ និងថវិកាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕