(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អភិបាលខណ្ឌ លោក ជា ពិសី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរសង្កាត់ ក៍ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឫអត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News បែបនេះ នៅពេលដែលអមដំណើរ លោក ជា ពិសី អភិបាលខណ្ឌ និងលោកស្រី អាន ផល្លា ជាភរិយា រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខសំណេះសំណាល និងបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ និងលិខិតបញ្ជាក់រាល់អត្តសញ្ញាណផ្សេងៗជាដើម ហើយនិងឆ្លៀតឱកាសនាំយកសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលបំពេញបែបបទរួចរាល់ជាស្ថាពរ ចំនួនប្រមាណជាជិត៤០ប័ណ្ណ ដើម្បីទៅធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រ័យជិត៤០គ្រួសារ នៅត្រង់ចំណុចក្នុងបុរីរិទ្ធិ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឫអត្តសញ្ញាណផ្សេងៗ រហូតឈានទៅដល់ធ្វើការចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានអចិន្ត្រៃយ៍ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងបុរីប៉េងហួត ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌសែនសុខ ហើយត្រូវបានបំបែកសង្កាត់ និងផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ គឺត្រូវបានផ្លាស់ប្ដូរ និងធ្វើការផ្ដល់ជូននូវសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ មានចំនួន៤លើកមកហើយ ស្មើនិង៤១៨គ្រួសារឯណោះ។

លោក ជា ពិសី បានថ្លែងទៀតថា ជាទិសដៅបន្ត និងជម្រុញបន្ថែមទៀត ឲ្យអាជ្ញាសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឫលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រ័យ៍ ឲ្យអស់នូវទូទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨៕