(ត្បូងឃ្មុំ)៖ លោកស្រី សៅ ទី ហេង សំរិន ភរិយាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមជាមួយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តសីលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតក្នុងភូមិរកាពរប្រាំ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក វង សូត បានឲ្យដឹងថា ប្រទេសជាតិបានឆ្លងកាត់វិបត្តិសង្គ្រាម ការបែកបាក់ផ្ទៃក្នុងយ៉ាងយូរអង្វែងណាស់មកហើយ ទម្រាំអាចរកឃើញពន្លឺនៃសន្តិភាព ការឯកភាព ផ្សះផ្សា បង្រួបបង្រួមជាតិ កាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយតាំងពីពេលនោះ មកប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ដូច្នេះហើយគួរណាស់មានការរួបរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ លោក វង សូត ក្នុងនាមសម្តេច ហេង សំរិន និងលោកស្រី បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ខាងផ្នែកព្រះពុទ្ធសាសនានៅទូទាំងស្រុកត្បូងឃ្មុំ ដែលតាមការបញ្ជាក់របស់អភិបាលស្រុកត្បូងឃ្មុំ លោក កេង ប៊ុណ្ណា ឲ្យដឹងថានៅទូទាំងស្រុក មានវត្តសរុបចំនួន៦១ មជ្ឈមណ្ឌលវិបស្សនាធុរៈ១កន្លែង មណ្ឌលវិបស្សនា១កន្លែង មានព្រះសង្ឃសរុប៦៨៦អង្គ ភិក្ខុ១៦៩អង្គ សាមណេរ៥១៦អង្គ ក្នុងនោះព្រះសង្ឃ មហានិកាយចំនួន៦៨៣អង្គ និង៣អង្គទៀតជាព្រះសង្ឃធម្មយុត្តិកនិកាយ។

ក្នុងឱកាសនោះ លោកស្រី សៅ ទី ហេងសំរិន លោក វង សូត និងលោកស្រី និងអ្នកចូលរួមបានរាប់បាត្រជាកិច្ចឧទ្ទិសជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរលោក។

នៅក្នុងឱកាសចូលរួមកាន់បិណ្ឌវេនទី៣នេះ សម្តេច ហេង សំរិន និងលោកស្រី បានប្រគេនសម្ភារដល់វត្តចំនួន១២ នៅក្នុងឃុំរកាប្រាំ ដោយក្នុងមួយវត្តៗទទួលបានអង្ករ ១០០គីឡូក្រាម មី៤កេះ ទឹកសុទ្ធ៤កេះ ទឹកត្រី៤យួរ ទឹកក្រូច៤កេះ ស្ករស១០គីឡូក្រាម តែ២០កញ្ចប់ ទឹកដោះគោ១កេះ និងបច្ច័យ៣លានរៀល ប្រគេនព្រះសង្ឃ១២អង្គ ក្នុង១អង្គបច្ច័យ១០ម៉ុនរៀល។ ជាមួយនេះ សម្តេច ហេង សំរិន បានប្រគេនបច្ច័យចំនួន៤០លានរៀល ដល់វត្តសិលារង្សី សម្រាប់កសាងសាលាឆាន់ដែលកំពុងដំណើរការសាងសង់៕