(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC គ្រោងចំណាយ៣៥លានដុល្លារ ដែលបានពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ សម្រាប់សាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារ សម្រាប់ការធ្វើដំណើរទូទៅ របស់បងប្អូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការ កកស្ទះចរាចរណ៍ ដែលធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារនោះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះថា ការបើកការដ្ឋានសាងសង់ស្ពានបេតុងមួយនេះ នឹងធ្វើឡើងនៅថ្ងៃតែមួយ ជាមួយថ្ងៃបើកការដ្ឋានសាងសង់ ស្ពានបាឡេដែលក្រុមហ៊ុន ក៏ជាអ្នកទទួលរ៉ាប់រង់ថវិកាលើការសាងសង់ផងដែរ ចំណាយជាង៩លានដុល្លារ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ខណៈដែលស្ពានជ្រោយចង្វារចាស់ ត្រូវបានបិទចរាចរណ៍ទាំងស្រុង សម្រាប់ការជួសជុលនៅក្រោយថ្ងៃភ្ជុំបិណ្ឌ។
លោក ទូច សំណាង បានបញ្ជាក់ទៀតថា ស្ពានបេតុងដែលគ្រោងសាងសង់ ឆ្លងកាត់ទន្លេសាបខាងលើនេះ មានទទឹង២០.៥ម៉ែត្រ និងបណ្ដោយជាង៥០០ម៉ែត្រ ប្រើពេលសាងសង់ប្រមាណ២៨ខែ។ ការបើកការដ្ឋានសាងសង់នៅថ្ងៃតែមួយ រវាងស្ពានបាឡេ និងស្ពានបេតុងនេះ ត្រូវបានលោកបញ្ជាក់ថា ដើម្បីកាត់បន្ថយការលំបាក ដល់ប្រជាពលរដ្ឋកុំឲ្យធ្វើច្រើនដង។
ជាមួយវត្តមានស្ពានបេតុង ដែលមានរូបរាងដូចស្ពានអ្នកលឿង ជាប្រភេទស្ពានមានខ្សែកាបខាងលើនេះ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ក្នុងនាមជាអាជ្ញាធរស្ថិតនៅទីតាំងនោះ បានសម្ដែងការស្វាគមន៍ និងអបអរសាទរ ដែលធ្វើឲ្យបញ្ហាចរាចរណ៍ត្រូវបានកាត់បន្ថយមួយចំណែកយ៉ាងធំ ហើយជីវភាពប្រជាពលរដ្ឋដែលទទួលបាន ផលប្រយោជន៍មួយនេះកាន់តែខ្លាំង៕