(បាត់ដំបង)៖ នៅលើបណ្ដាសង្គម Facebook ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានពីការខ្វះខាតចង្ហាន់ សម្រាប់ព្រះសង្ឃដែលគង់នៅវត្តព្រៃត្រឡាច ក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជាទីវត្តអារាមមួយ មានវត្តមាននៅតំបន់ដាច់ស្រយ៉ាលសង្កាត់មាត់ញក ដែលមិនមានពុទ្ធបរិស័ទ ឬសប្បុរសជន អញ្ជើញធ្វើដំណើរទៅដល់នោះទេ។

តាមរយៈព័ត៌មានដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្ហាញក្នុងរូបភាពដាច់ចង្ហាន់ និងបង្ហាញពីរូបព្រះសង្ឃស្គមស្គាំង ព្រមទាំងសាលាឆាន់ចាស់ទ្រុតទ្រោមបែកបាក់យ៉ាងខ្លាំងទៀតផង គាំជូននៅរដូវនេះជាពិធីបុណ្យកាន់បិណ្ឌ ដែលទីវត្តអារាមភាគច្រើនបំផុត ជាពិសេសនៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជន មានចង្ហាន់បរិបូណ៌ហូរហៀរទៀតផង។

ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីព័ត៌មានខាងលើនេះ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ ព្រះចៅអធិការវត្តព្រៃត្រឡាច ដើម្បីចង់ដឹងការពិត និងផ្សព្វផ្សាយបន្ដទៅកាន់សាធារណៈជននានា។

មានសង្ឃដីកាមកកាន់អង្គភាពព័ត៌មាន Fresh News ព្រះតេជគុណ ងឺ នៅ ជាព្រះចៅអធិការវត្ត ពិតជាបានទទួលស្គាល់ថា ទីវត្តអារាមរបស់ព្រះអង្គ ដែលមានព្រះសង្ឃគង់នៅតែ៤អង្គ និងមានចម្ងាយជាង២០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ មានការខ្វះខាតពិតបា្រកដមែន ប៉ុន្ដែមិនដល់ថ្នាក់ដាច់ចង្ហាន់នោះឡើយ ពោលក៏មានពុទ្ធបរិសាតចំណុះជើងវត្ត២ភូមិនៅទីនោះ ក៏ដូចជាមេឃុំ បានប្រគេនចង្ហាន់ផងដែរ។

តែព្រះតេជគុណ បានមានសង្ឃដីកាពីព្រះវិហារ គឺមិនទាន់មាននៅឡើយទេ មានតែសាលាឆាន់ធ្វើពីឈើទើបនិងជួសជុល​បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈដែលកុដតូចធ្វើពីឈើមានត្រឹម៣ សម្រាប់គង់នៅរបស់ព្រះសង្ឃ។

ជាមួយនឹងភាពខ្វះខាត់ ក៏ដូចជាពុំមានបច្ច័យសម្រាប់សាងសង់ទីវត្តអារាម ព្រះតេជគុណ ងឺ នៅ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លាតិចក្ដី ច្រើនក្ដី សម្រាប់ឲ្យព្រះអង្គអាចកសាងព្រះវិហារ និងសាលាឆាន់បានដូចវត្តផ្សេងទៀតផងដែរ៕