(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ណែនាំឲ្យសមាជិក សមាជិកាបក្ស សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងគោរពពេលវេលា តាមរយៈនៃការសិក្សា រយៈពេល៣ថ្ងៃនេះ ដើម្បីឲ្យការយល់ដឹងកាន់តែស៊ីជំរៅឡើង ដោយមិនចង់ឃើញយុវជនជាធនធានមនុស្សដ៏សំខាន់ ត្រូវគេបង្វិល ឬអូសទាញ ពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កិត្តិយសខ្លួន និងក្រុមគ្រួសារនោះឡើយ។
លោក ម៉ៅ ធនិន ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ បើកវគ្គអប់រំនយោបាយរបស់គណបក្សខេត្ត លើកទី២ ឆ្នាំ២០១៧ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន៨៧រូប ក្នុងនោះស្រី២២រូប នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា វគ្គបំប៉នខាងលើនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈការសម្របសម្រួលពីគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍៥រូប ផ្តោតទៅលើមេរៀនសំខាន់ចំនួន៥ រួមមាន៖ ទី១៖គណបក្សប្រជាជនកម្ពុជា និងប្រវត្តិសកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំរបស់គណបក្ស, ទី២៖គោលការគ្រឹះនៃកម្មវិធីនយោបាយរបស់គណបក្ស, ទី៣៖ការងារយល់ដឹងមួយចំនួន អំពីលក្ខន្តិកៈ គណបក្សប្រជាជនកម្ពុជា, ទី៤៖សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ និងទី៥៖ការកសាងអត្តចរិក សីលធម៌ល្អប្រពៃ របស់មន្ត្រីគណបក្ស។
លោកបានជម្រាបជូនដែរថា គណបក្សប្រជាជនកម្ពុជា បានប្រសូត្រចេញពីចលនាតស៊ូ និងបានបដិសន្ធិឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ឆ្លងកាត់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្រជាច្រើន និងប្រកាន់ភ្ជាប់ឥតប្រែប្រួល នូវឧត្តមគតិរបស់ខ្លួននោះ គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ជម្នះគ្រប់ឧបសគ្គឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់កណ្តាល រហូតដល់មូលដ្ឋានទូទាំងប្រទេស គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា តែងតែធ្វើការបណ្តុះបណ្តាល អប់រំឲ្យមន្ត្រីគ្រប់ៗរូប សាងតែនូវអំពើល្អ បង្កើននូវចំណងសាមគ្គីឯកភាព ដូចថែរក្សាក្រសែភ្នែករបស់ខ្លួន ឲ្យស្របទៅនឹងកេរ្តិ៍ឈ្មោះថា គឺជាគណបក្សចាស់ទុំខាងនយោបាយ។
លោកបានរំលឹកថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ហេតុនេះសូមឲ្យសមាជិក សមាជិកាបក្ស ត្រូវមានទស្សនៈ និងគោលនយោបាយ កាន់តែមានប្រសិទ្ធិភាព និងកាត់បន្ថយភាពអសកម្ម៕