(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំមន្ដ្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី៣ នៅវត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច បាននាំយកនូវបច្ច័យ និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យ ជូនទៅដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួល កុសលផលបុណ្យនេះ។
តាមទម្លាប់ជាង៣០ឆ្នាំកន្លងមក លោកស្រី និងក្រុមគ្រួសារ ធ្វើបុណ្យផ្សេងៗ ឬកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រៅពីប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃរួចហើយ លោកស្រី មិនដែលភ្លេចធ្វើទានជាថវិកា ដល់លោកយាយលោកតា សិស្ស និស្សិត ជាពិសេសកុមារតូចៗ ដែលមកចូលរួមក្នុងកម្មវិធីនិមួយនោះទេ ពីព្រោះជាអ្នកត្រូវការចាំបាច់បំផុត ដែលគេហៅថាអ្នកអត់ឃ្លានពិតប្រាកដ។ សូមឱ្យថ្នាក់ដឹកនាំទាំងអស់ ដែលមានលទ្ឋភាពហើយបានធ្វើបុណ្យកុំភ្លេចធ្វើទានជាមួយអ្នកអត់ឃ្លានផង។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខ ឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ៕