(ភ្នំពេញ)៖ គម្រោងថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី២ របស់កម្ពុជា ដែលវិនិយោគរួមគ្នាដោយ វិនិយោគិន៣ប្រទេសរួមមាន កម្ពុជា ថៃ និងឡាវ ទឹកប្រាក់ជាង៤០០លានដុល្លារ បានប្រកាសបើកដំណើរ ការសាងសង់ហើយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងខេត្តចំនួន៣ រួមមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវ ដែលមានអនុភាពរហូត ដល់២២៥មេហ្គាវ៉ាត់។
គម្រោងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ បានក្លាយជាគម្រោងទី២ហើយ សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីគម្រោងទី១ កំពុងតែដាក់ឲ្យដំណើរការសាកល្បង នៅក្រុងបាវិត ខេត្តស្វាយរៀង មានអុនភាព១០មេហ្គាវ៉ាត់ វិនិយោគទឹកប្រាក់១២.៥លានដុល្លារនោះ។
ការប្រកាសសម្ពោធ គម្រោងវិនិយោគរួមគ្នារវាងកម្ពុជា ឡាវ និងថៃ លើការសាងសង់ថាមពលអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (Solar) អនុភាព២២៥មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន គ្លូប៊ល ភ្យូរីហ្វាយ ផៅវរី នៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តតាកែវនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងបណ្តាភ្ញៀវកិត្តិយសជាច្រើននាក់។
លោក ដួង ថងឡាសាខន បានឲ្យដឹងថា គម្រោងស្ថានីយ៍ថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ ក្រុមហ៊ុនវិនិយោគទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលបានថ្លែងថា ស្វាគមន៍ចំពោះក្រុមហ៊ុន ដែលហ៊ានបោះទុនរហូតដល់ជាង៤០០លានដុល្លារ អភិវឌ្ឍន៍ថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យនៅកម្ពុជានេះ គឺដើរស្របទៅនឹងគោលនយោបាយ សន្តិសុខថាមពលរបស់កម្ពុជា។
លោកថ្លែងថា «ដើម្បីសម្រេចគោលដៅឲ្យមានសន្តិសុខថាមពល ចាំបាច់ត្រូវមានការអភិវឌ្ឍប្រភពថាមពលចម្រុះ ដែលកម្ពុជាយើងកំពុងមានបច្ចុប្បន្ន គឺថាមពលវារីអគ្គិសនី ថាមពលដែលបានមកពីធ្យូងថ្ម ថាមពលបានពីជីវម៉ាស់ និងថាមពលដែលនាំចូលពីប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ។ ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ទៅ លើការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ»។
លោកអគ្គនាយកបន្តថា «នៅឆ្នាំ២០១៦ ក្រសួងរ៉ែ និងថាមពលដោយមានការសហការជាមួយ អគ្គិសនីកម្ពុជា យើងបានដាក់ឲ្យដេញថ្លៃគម្រោង១០មេហ្គាវ៉ាត់ ដែលគម្រោងនេះកំពុងដាក់ឲ្យដំណើរការ នៅក្នុងខេត្តស្វាយរៀង។ ក្នុងនាមក្រសួងរ៉ែ និងថាមពលយើងស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុន គ្លូប៊ល ភ្យូរីហ្វាយ ផៅវរី ក្នុងការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពរហូតដល់ ២២៥មេហ្គាវ៉ាត់ ដែលចាប់ផ្តើមដំបូងអាចថា ១៥មេហ្គាវ៉ាត់ និងជំហានបន្តបន្ទាប់ទៅមុខ»។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅ ឲ្យប្រជាជននៅទូទាំងប្រទេសនៅឆ្នាំខាងមុខៗ ដោយក្នុងឆ្នាំ២០២០ គឺកំណត់គោលដៅឲ្យគ្រប់ភូមិនៅទូទាំងប្រទេសកម្ពុជា ចំនួន១៤,១៦៨ភូមិមានអគ្គិសនីប្រើប្រាស់។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានផ្គត់ផ្គង់បាន៧៩% ស្មើនឹង១១៤០០ភូមិ៕