(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីពិភាក្សាជាមួយអ្នកច្បាប់រួចរាល់ហើយ, លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតស្វែងរកការពិតលើគណៈកម្មការមុន ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។
នៅក្នុងពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេររៀបរាប់យ់ាងដូចេ្នះថា «ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសលត្រូវឃាតករគ្មានចិត្តមេត្តាបានវាយប្រហារសម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពីលោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរត្រឹមត្រូវនៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំង គណៈកម្មការបុណ្យសពច្បាស់លាស់។ ប៉ុន្តែអ្វីដែលជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះគឺមានការសង្ស័យថា លុយបុណ្យសពដែលបងប្អូនចូល បច្ច័យនាពេលកន្លង មកនោះដែលស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្ត និងធ្វើក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកា ចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកាចំណាយលើការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»។
នៅក្នុងពាក្យបណ្ដឹងបានសរសេរទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី សូមស្នើរដល់ ឯកឧត្តមព្រះរាជអាជ្ញា មេត្តាបើកការស៊ើបអង្កេតស្វែងរក ការពិតលើប្រាក់បច្ច័យបានមកពីការចូលបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមកដែលគ្រប់គ្រងដោយ គណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះ ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួន»។
សូមជំរាបថា ថ្លែងក្នុងវីដេអូដែលចេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ «ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ»។
ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ថា «នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់ថវិកា ចំនួន៣,០២០,០០០រៀល ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡីនោះ ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ខេត្តតាកែវ។
ជាមួយនឹងការទទួលថវិកានេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលមានលោកស្រី ភោគ សេ ជាម្ដាយ និងលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសនោះ បានសម្ដែងនូវក្ដីអបអរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបើកយុទ្ធនាការរ៉ៃអង្គាសរយៈពេល៣០ថ្ងៃកន្លងមកនេះ។
សូមជម្រាបថា លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ៕