(ប្រេស៊ីល)៖ ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា ពួកគេបានធ្វើការរឹបអូសលុយសុទ្ធ ក្នុងចំនួនដ៏ច្រើនបំផុតពុំធ្លាប់មានពោលគឺរាប់លានដុល្លារ នៅក្នុងបន្ទប់អគារអាផាតមិន (Apartment) មួយកន្លែង ដែលត្រូវបានប្រើប្រាស់ដោយអតីតមន្រ្តីរដ្ឋាភិបាលមួយរូបរបស់ប្រធានាធិបតី មីឈែល ធែមើ (Michel Temer)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមមន្រ្តីប៉ូលិស បានបញ្ជាក់ថា លុយដែលពួកគេរាប់មានចំនួនជាង ១៦លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានរកឃើញក្នុងអគារខាងលើ នៅទីក្រុងសាល់វ៉ាឌ័រ (Salvador) ជាប់ឆ្នេរសមុទ្រភាគកើត ប្រទេសប្រេស៊ីល។ លោក ហ្គីឌែល វីអ៊ីរ៉ា លីម៉ា (Geddel Vieira Lima) ជាអតីតមន្រ្តីក្នុងជួររដ្ឋាភិបាលលោក Temer ដែលបានធ្លាប់ស្នាក់នៅក្នុងបន្ទប់ស្តុកលុយទាំងអស់នេះ នោះ កំពុងស្ថិតក្រោមការជាប់ឃុំ ក្នុងគេហដ្ឋានផ្ទាល់របស់លោក បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួន កាលពីខែកក្កដាកន្លងទៅ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតករណីពុករលួយ ទៅលើធនាគារមួយកន្លែង គ្រប់គ្រងដោយរដ្ឋាភិបាលប្រេស៊ីល។
គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Michel Temer កំពុងតែប្រយុទ្ធប្រឆាំងនឹងវិបត្តិពុករលួយដ៏ធ្ងន់ធ្ងរ ដែលបានបង្កភាពរង្គោះរង្គើរយ៉ាងខ្លាំង ដល់រដ្ឋាភិបាលរបស់លោក ខណៈខ្លួនលោកផ្ទាល់ កាលពីប៉ុន្មានខែមុននេះ ក៏ត្រូវបានអគ្គរដ្ឋអាជ្ញាប្រេស៊ីល ចោទប្រកាន់ពីបទពុករលួយផងដែរ ក៏ប៉ុន្តែបានរួចខ្លួនវិញ បន្ទាប់ពីសភាសម្រេចមិនបោះឆ្នោត ឲ្យលោកប្រធានាធិបតីប្រឈមនឹងសំណុំរឿងពុករលួយនោះឡើយ៕