(សៀមរាប)៖ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ ដែលរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាប។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមប្រធានបទ «មហាអនុតំបន់មេគង្គឆ្ពោះទៅកាន់ខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយចរីភាព សុវត្ថិភាព និងបរិយាប័ន្ន» ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រយៈ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក រ៉ាម៉េស ស៊ុបប្រាម៉ានៀម អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនានា ប្រចាំកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

បើតាមលោក ម៉ម អំណត់ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា វេទិកានេះ គឺជាឱកាសដ៏ពិសេសមួយ ដែលយើងអាចប្រមូលផ្ដុំ អ្នកពាក់ព័ន្ធទាំងទ្បាយពីផ្នែកផ្សេងៗ ដែលមានការចាប់អារម្មណ៍ ក្នុងការលើកកម្ពស់លើវិស័យកសិកម្ម ដែលជាកម្លាំងដ៏ធំមួយ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុវត្ថិភាពស្បៀង នៅក្នុងប្រទេស និងតំបន់យើង។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២នេះ ក្នុងគោលបំណងគិតគូរដល់ការគាំទ្រ ដល់គោលការណ៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលគ្របដណ្ដប់ប្រទេស៥ និងខេត្ត១ នៃប្រទេសចិន, ប្រទេសកម្ពុជា, ខេត្តយូណាន និងតំបន់ស្វ័យត្នហ្គាងស៊ី នៃប្រទេសមីយ៉ាន់ម៉ា​ ថៃ ឡាវ និងប្រទេសវៀតណាម ដែលជាសមាជិក
នៃមហាអនុតំបន់នេះ៕