(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើឲ្យអង្គការមូលនិធិអាស៊ានសម្រាប់បង្ការភាពពិការភ្នែក (Asian Foundation for Prevention of Blindness) ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ជួយជាជំនួយលើផ្នែកចំនួន៤សំខាន់ៗនៅកម្ពុជា រួមមាន៖ មន្ទីរពេទ្យភ្នែកប្រចាំតំបន់ក្នុងខេត្ដកំពង់ចាម ឧបករណ៍បរិក្ខារពេទ្យទំនើប រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត និងការបណ្ដុះបណ្ដាលបច្ចេកទេសវះកាត់ភ្នែកដល់គ្រូពេទ្យកម្ពុជា ព្រោះនេះជាតម្រូវការចំបាច់។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបែបនេះក្នុងឱកាសទទួលដំណើរទស្សនកិច្ចរបស់លោក Leung chun-ying អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់នយោបាយរបស់ចិន និងសហការីមកកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញានេះ នៅសណ្ឋាគារអ៊ីនធឺរខន់ធីណេនថល។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែមានបញ្ហាភ្នែកច្រើនឡើងៗ ដែលបណ្ដាធ្វើឲ្យមានភាពខ្វះខាតអគារ ឧបករណ៍បរិក្ខារពេទ្យសម្រាប់ផ្គត់ផ្គង់ការព្យាបាល និងវះកាត់ភ្នែកជូនពូកគាត់ ដែលកត្ដាទាំងនេះទាមទារឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងជំនួយពីដៃគូជាតិ-អន្ដរជាតិបន្ថែមទៀត។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏រីករាយត្រៀមស្វាគមន៍ ចំពោះគោលបំណងចង់មកវិនិយោគរបស់មហាមិត្ដចិនផងដែរ។
ឆ្លើយតបនឹងសំណើររបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ខាងលើនេះ លោក Leung chun-ying គ្រោងនឹងផ្ដល់រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត១គ្រឿង ដែលមានគ្រឿងបរិក្ខារពេទ្យគ្រប់គ្រាន់សម្រាប់ការធ្វើការព្យាបាល និងវះកាត់បានភ្លាមៗ ដែលតម្លៃសរុបរហូតដល់ទៅជិត ៤០ម៉ឺនដុល្លារអាមេរិក ដែលអាចព្យាបាលប្រជាពលរដ្ឋទូទាំងប្រទេសបាន ពិសេសនៅតំបន់ដាច់ស្រយាល ជៀសវាងការធ្វើដំណើរឆ្លងខេត្ដ ដើម្បីធ្វើការព្យាបាល ឬវះកាត់ភ្នែក តែតម្រូវឲ្យខាងក្រសួងសុខាភិបាលកម្ពុជាធ្វើការសហការរួមគ្នា ដោយធ្វើយ៉ាងម៉េចវះកាត់ភ្នែកឲ្យបានចំនួន ២ពាន់ករណីក្នុងមួយឆ្នាំ។
លោកបន្ដថា ចំពោះសំណើមួយចំនួនទៀត លោកនឹងធ្វើការពិភាក្សាស្វែងយល់បន្ថែមទៀត ដើម្បីឈានដល់ការឯកភាពលើលទ្ធភាពនៃការវិនិយោគលើផ្នែកទាំងអស់នេះនៅកម្ពុជា។
គួររឭកថា កន្លងមក រាជរដ្ឋាភិបាលចិនបានជួយដល់កម្ពុជាជាច្រើន ដូចជា ផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ចំនួន ២០០គ្រឿង ម៉ាស៊ីនអេក្រូចំនួន ២០០គ្រឿង និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិនជាច្រើនទៀត៕