មេប៉ូលិសចរាចរណ៍អំពាវនាវម្ចាស់ ក្រុមហ៊ុននាំចូលម៉ូតូកង់បី និងឃ្លាំងលក់រថយន្តទាំងអស់ ផ្តល់សេវាងាយស្រួលដល់អតិថិជនក្នុងការធ្វើផ្លាកលេខ, តាមច្បាប់យានយន្តគ្មានផ្លាកលេខ មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លើផ្លូវបានទេ!
07-09-2017 21:30
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អំពាវនាវដល់ម្ចាស់ក្រុមហ៊ុននាំចូលម៉ូតូកង់បី ឃ្លាំងលក់រថយន្ត ទាំងអស់ត្រូវ ផ្តល់សេវាងាយស្រួលដល់ អតិថិជនរបស់ ខ្លួនក្នុងការធ្វើផ្លាកលេខ។
ដើម្បីអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទទួលបានជោគជ័យ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កន្លងមកបានសង្កេតឃើញថា ការប្រើប្រាស់មធ្យោបាយធើ្វដំណើរលើផ្លូវថ្នល់ មានរថយន្ត និងម៉ូតូកង់បីមួយចំនួន នៅមិនទាន់មានបំពាក់ ផ្លាកលេខនៅឡើយ។
លោកឧត្តមសេនីយ៍បានលើកឡើងថា យោងតាមមាត្រា ៤៧ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺមិនអនុញ្ញាតឲ្យយានយន្ត ដែលគ្មានបំពាក់ផ្លាកលេខ ធ្វើចរាចរណ៍លើផ្លូវថ្នល់បានទេ។
ឧត្តមសេនីយ៍បានបន្ថែមទៀតថា ម្ចាស់ក្រុមហ៊ុននាំម៉ូតូកង់បីចូលឃ្លាំងលក់រថយន្ត និងម្ចាស់យាន្តយន្តដែលមិនមានផ្លាកលេខ ត្រូវប្រញាប់ទៅធ្វើផ្លាកលេខជាបន្ទាន់ ដើម្បីបំពាក់លើយានយន្តរបស់ខ្លួន បើពុំដូចនេះទេនឹងត្រូវទទួល រងការពិន័យអន្តរការណ៍ តាមអនុក្រឹត្យ៤៤ ដែលបានកំណត់៕