(ភ្នំពេញ)៖ ទស្សនកិច្ចរយៈពេលពេញមួយថ្ងៃ បស់លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ និងគណៈប្រតិភូ បានបិទបញ្ចប់ហើយ នៅម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ជាមួយនឹងលទ្ធផលជោគជ័យយ៉ាងច្រើនដល់ប្រទេសទាំងពីរ។
* យន្តហោះរបស់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានចូលចតនៅអាកាសយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង០៨៖៤៥នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលបង្ហាញថា លោកបានមកដល់ប្រទេសកម្ពុជាជាផ្លូវការ។ មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលទទួលដំណើរ មានឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី, លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ព្រមទាំងមន្ដ្រីមួយចំនួនទៀតផងដែរ។
* បន្ទាប់ពីដល់ទឹកដីកម្ពុជាភ្លាម នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញធ្វើដំណើរទៅវិមានសន្តិភាព ដើម្បីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៩៖១៨នាទីព្រឹក។
* បន្ទាប់ពីបានជួបប្រជុំទាំងចង្អៀត និងទូលាយហើយនោះ នៅម៉ោងប្រមាណ ១០៖៥០នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានចាប់ផ្តើមដឹកនាំគណៈរដ្ឋមន្រ្តី នៃប្រទេសទាំងពីរបើកកិច្ចប្រជុំរួមគ្នាលើកទី៣។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ ធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។ កិច្ចប្រជុំនេះនឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ។
* បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣។ (វីដេអូសន្និសីទកាសែត)
* ពិធីចុះហត្ថលេខាលើពិធីសារចំនួនពីររួមមាន៖ ១៖ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំរុះលើកទី៣រវាងប្រទេសទាំងពីរធ្វើឡើង រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក ដនប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ។ ២៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីការ ជៀសវៀងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ធ្វើឡើងរវាងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរត្តិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ដន ប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ។
* កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធប្រាក់ចំណូល ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា-ថៃ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ ក្នុងស្រុកតាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។
* ក្រោយបញ្ចប់ពិភាក្សាការងារ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ រួមជាមួយគណៈប្រតិភូ កំពុងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រួមគ្នាមួយ នៅវិមានសន្ដិភាព។
* នៅរសៀលម៉ោង៣៖៤៥នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ។
* បន្ទាប់ជំនួបសំណេះសំណាលជាមួយ ប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ, លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុស្វែងរកឯករាជ្យភាពនៅកម្ពុជា នាវិមានឯករាជ្យ មុននឹងទៅដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅវិមានព្រះបរមរូប។
* នៅវេលាម៉ោង០៤៖៣០នាទីល្ងាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ ព្រមទាំងភរិយា នៃនាយករដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញរួមគ្នាសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ» ដែលជាទីតាំងនិមិត្តរូបដំបូងគេនៅកម្ពុជា បង្ហាញពីទំនាក់ទំនង និងមិត្តភាបរវាងកម្ពុជា និងថៃ។
* នៅវេលាម៉ោង០៥៖០០នាទីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសថៃវិញ តាមជើងហោះហើរពិសេសមួយ នៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ៕