(ព្រះសីហនុ)៖ លោក ចេវ គឹមហេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងលោកស្រី ប្រាក់ ច័ន្ទសុខា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ សម្ភារសិក្សា និងថវិកា ទៅឧបត្ថម្ភដល់កុមារកំព្រា និងកុមារគ្រួសារក្រីក្ររស់នៅក្នុងមណ្ឌលអង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក អ៊ីវ ថាវរិន នាយកមណ្ឌលអង្គការម្លប់តាប៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ចេវ គឹមហេង អ្នកតំណាង រាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងលោកស្រី ជាពិសេសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលតែងតែយកចិត្តទុក ដាក់ដល់សុខទុក្ខមណ្ឌលអង្គការម្លប់តាប៉ាងជាប្រចាំ ។
នៅក្នុងឱកាសនេះផងដែរ លោកនាយកមណ្ឌល អង្គការម្លប់តាប៉ាងក៏បានឲ្យដឹងថា អង្គការម្លប់តាប៉ាង គឺជាអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបង្កើត ឡើងបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៣ តាមរយៈមនុស្សធម៌សម្រាប់កុមារកំព្រា និងកុមារគ្រួសារទីទ័លក្រ ដែលប្រឈម និងគ្រោះ ថ្នាក់ផ្សេងៗ របស់កុមារក្នុងការជួយដល់កុមារងាយរងគ្រោះផ្ដល់ចំណីអាហារ សុវត្តិភាពដល់កុមារឲ្យពួកគេមានឱកាសទទួល បានការអប់រំជំនាញវិជ្ជាជីវៈផ្សេងៗ។
លោកនាយកមណ្ឌលបានបញ្ជាក់បន្ថែមថា មកដល់បច្ចុប្បន្ននេះអង្គការម្លប់តាប៉ាង មានមណ្ឌលចំនួន៨កន្លែង សម្រាប់បម្រើជូនដល់កុមារ តាមចិញ្ចើមថ្នល់ និងកុមារគ្រួសារក្រីក្រជួបការ លំបាកមានមណ្ឌលអប់រំថែទាំកុមារ មណ្ឌលស្នាក់នៅក្មេងប្រុស និងក្មេងស្រីមណ្ឌលសំចតជា មណ្ឌលអប់រំអំពីផលប៉ះពាល់គ្រឿងញៀន និងកន្លែងផ្តាច់គ្រឿងញៀនដោយស្ម័គ្រចិត្ត មណ្ឌលសិល្បះ មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញ មណ្ឌលអប់រំសហគមន៍ថែទាំទារក និងមណ្ឌលថែទាំទារក។ នៅក្នុងមណ្ឌលរបស់អង្គការម្លប់តាប៉ាង មានគ្លីនិកព្យាបាលជំងឺទូទៅមួយកន្លែង សម្រាប់ជួយដល់ការព្យាបាលកុមារ និងគ្រួសារកុមារក្រីក្រ។
លោក ចេវ គឹមហេង បានសម្ដែងកោតសរសើរថ្នាក់ដឹកនាំអង្គការម្លប់តាប៉ាង ដែលបានខិតខំថែទាំកុមារ។ អំណោយដែលចែកជូននេះមានថវិការ ផ្ទាល់ខ្លួនរបស់លោក និងលោកស្រីចំនួន៣០០ដុល្លាអាមេរិក អំណោយរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមានទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ និងថវិការ១០០ដុល្លា លោកស្រី ទិន ណៃខេង នំ និងថវិកាមួយចំនួន លោក ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ថវិកា១០ម៉ឺនរៀលផងដែរ៕