(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចំពោះក្រុមកម្មករ-កម្មការិនី នៅសួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ា ជាង១ម៉ឺននាក់ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសជាសាធារណៈថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីក្នុងរយៈពេល១០ឆ្នាំទៀត (២អាណត្តិ) ដើម្បីដឹកនាំប្រទេសជាតិកាន់តែរីកចំរើនខ្លាំងឡើង។
បន្ទាប់ពីមានការប្រកាសឥតស្ទាក់ស្ទើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរយៈពេលជាង៣០ឆ្នាំមកនេះរួចមក ក៏មានការ លើកឡើងផ្សេងៗ ដែលជាការចាប់អារម្មណ៍ពីសំណាក់មតិសាធារណជនជាតិ និងអន្តរជាតិ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចេញមកពន្យល់បន្ថែម និងឆ្លើយតបជាមួយនឹងការលើកឡើងទាំងនេះ ដើម្បីកាន់តែច្បាស់ឡើង។ នៅតាមបណ្តាញសង្គម Facebook លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា ឆ្លើយតបនឹងបណ្តាញសារព័ត៌មានដែលបានលើកឡើងថា «លោក ហ៊ុន សែន ប្រកាសបន្តធ្វើនាយករដ្ឋមន្ត្រីរយៈពេល ១០ឆ្នាំទៀត បន្ទាប់ពីកាន់តំណែងនេះជិត៣៣ឆ្នាំ»។
នៅក្នុងការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកប្រកាសជាសាធារណៈ ហើយជាការចាប់អារម្មណ៍ពីអ្នកសារព័ត៌មាន ក៏ដូចជា មតិសាធារណជនទាំងជាតិ និងអន្តរជាតិនោះគឺ៖
១៖ សម្តេចបានបង្ហាញដល់ប្រជាពលរដ្ឋភាគច្រើន ដែលគាំទ្រ និងដាក់វាសនាជាមួយសេចក្តីសង្ឃឹមទុកចិត្តរបស់គេជាមួយសម្តេច។ ហើយគេមានសេចក្តីរីករាយជាមួយនឹងជំនឿ នៃសេចក្តីត្រូវការរូបសម្តេច បន្តក្នុងការដឹកនាំប្រកបដោយសម្មតិផល និងជោគជ័យនេះ។ ការបន្តដឹកនាំរបស់សម្តេច គឺធ្វើឲ្យគេមានលំនឹងជំនឿក្នុងចិត្តថា គេប្រាកដណាស់គេនឹង បានរស់នៅក្នុងភាពសុខក្សេមក្សាន្តប្រកបដោយវិបុលភាព ដោយសម្តេចមាន សមត្ថភាព ការពារសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាព ក៏ដូចជាកំណើនសេដ្ឋកិច្ចខ្ពស់ ជាក់ស្តែងក្នុងរយៈពេលចុងក្រោយជាង២០ឆ្នាំមកនេះ។
២៖ ការស្តែងប្រាប់ដល់មហាជនកម្ពុជា ដែលគាំទ្រលោកគឺ សម្តេចប្រាកដណាស់ មានជំនឿទៅលើសុខភាព និងថាមពលផ្ទាល់របស់លោក។
៣៖ សម្តេចមានជំនឿខ្ពស់ទៅលើមហាជន ព្រមទាំងមន្ត្រីទាំងអស់តែងតែគាំទ្រ គ្រប់រាល់សកម្មភាពរបស់សម្តេចដែលញ៉ាំងឱ្យប្រជាជាតិទទួលបានការរីកចម្រើន សុខសន្តិភាពជាក់ស្តែងដូចបច្ចុប្បន្នកាលនេះ។
៤៖ ក្នុងរយៈពេល១០ឆ្នាំទៀត គឺជាពេលហ្វឹកហ្វឺនសមត្ថភាពបន្ត ដល់យុវជនស្នងប្រកបដោយថាមពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការដឹកនាំ កម្ពុជាឱ្យចំទិសដៅនៃការធ្វើអោយប្រជាជាតិខ្មែរជួបនឹងវិបុលភាពថ្កុំថ្កើនជានិរន្តរ។ ដូចនេះ១០ឆ្នាំ របស់សម្តេចតេជោ គឺជាអនាគត និងជោគវាសនាប្រកបដោយភាព ប្រណិតរបស់កម្ពុជា នេះជាចំណុចសំខាន់ៗដែលខ្ញុំយល់ឃើញ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីពីរអាណត្តិបន្តទៀតនេះ បន្ទាប់ពីសម្តេចបានឃើញពីទង្វើដ៏ពិសពុល របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ រួមនិងបក្ខពួកក្នុងការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចហៅថា ជាទង្វើក្បត់ជាតិនោះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបានគេប្រសិទ្ធនាមជារដ្ឋបុរស និងជាស្ថាបនិកសន្តិភាពនៅកម្ពុជានោះបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេលពីរអាណត្តិបន្តទៀត។ មុននេះខ្ញុំមានការស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញ នៅពេលណា? ប៉ុន្តែបន្ទាប់ពីឃើញព្រឹត្តិការណ៍ ដ៏គួរឲ្យឈឺចាប់នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរខ្លះដែលត្រូវចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះទៀត ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំ រយៈពេលមិនតិចជាង១០ឆ្នាំទៀតទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា វត្តមានរបស់សម្តេចជាអ្នកដឹកនាំរាជរដ្ឋាភិបាល គឺដើម្បីការពារ រក្សាសុខសន្តិភាព ជាពិសេសរក្សាវត្តមានរោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជា ដែលសម្តេចបានចាត់ទុកជាសមិទ្ធផលរកបានមកយ៉ាងលំបាកបំផុត។
បុរសខ្លាំងនៅកម្ពុជាតេជោ សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងបន្តវត្តមាន ដើម្បីរួមគ្នាថែទាំរោងចក្រ ថែទាំអ្វីៗ ដែលយើងបានកសាង មិនទុកឲ្យជនណាមួយបំផ្លាញសេចក្តីសុខរបស់បងប្អូនទេ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី បន្តបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសបន្តទៅទៀត។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់កម្មករ កម្មការិនី ឲ្យប្រាប់ទៅឪពុកម្តាយ និងសាច់ញាតិ ឲ្យបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាផងដែរ៕