(ភ្នំពេញ)៖ ពិព័រវិស័យសំណង់ និងអចនទ្រព្យខ្នាតអន្តរជាតិដ៏ធំបំផុងនៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ។
លោក Andrew Siow នាយកក្រុមហ៊ុន Tarsus Events Group បានឲ្យដឹងថា ការប្រមូលផ្តុំវិស័យខាងលើនេះ នៅកន្លែងតែមួយ ពេលតែមួយ និងអាចឲ្យអ្នកចូលរួម ទសស្សនាស្វែងរកអ្វីដែលពួកគេត្រូវការបានច្រើន ព្រោះវាជួយសន្សំសំចៃពេលវេលា និងថវិកា។
លោកបន្តថា បន្ថែមលើសពីនេះ ព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំនេះ គឺមាន Pavilion មកពីប្រទេសអ៊ីតាលី និងបារាំង បានបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា ជាមួយផលិតផលដូចជា គ្រឿងសង្ហារឹម និងគ្រឿងផ្គត់ផ្គង់ លើវិស័យសំណង់ សម្រាប់ការដាក់តាំងបង្ហាញ។
ជាមួយគ្នានោះ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វេទិកាស្ថាបត្យករកម្ពុជា និងការតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា នៅពេលនេះ ដែលមានរួមបញ្ចូលនូវប្រធានបទជាច្រើនទាក់ទង និងការអភិវឌ្ឍ វិស័យស្ថាបត្យកម្ម នគរូបនីយកម្ម និងការងារសាងសង់ ប្រកបដោយចីរភាព។
លោកបានបន្តថា ពិព័រណ៌នេះ ក៏បង្ហាញឲ្យឃើញនូវការផុសឡើងនូវស្ថាបត្យកម្មបៃតង ទីក្រុងបៃតង់ និងបច្ចេកទេសក្នុងការរចនា គឺពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រទេសកម្ពុជា ដែលកំពុងជម្រុញគោលដៅពាណិជ្ជកម្ម ក្នុងខណៈដែលសេដ្ឋកិច្ចជាតិ កំពុងមានការកើនឡើង។
សូមបញ្ជាក់ថា សម្រាប់ទុនលើវិស័យសំណង់ នៅក្នុងឆ្នាំ២០១៦ មានប្រមាណជាង៥,៥៧៩លានដុល្លារ ដោយឡែកសម្រាប់ឆ្នាំ២០១៧វិញ ទុនវិនិយោគលើវិស័យនេះ នៅតែកើនឡើងខ្ពស់ បើគិតត្រឹមឆមាសទី១ឆ្នាំនេះ មានប្រមាណជាង ៤,៩៤៣លានដុល្លារ៕