(ភ្នំពេញ)៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី៤ កម្រិតសាកលវិទ្យាល័យ (The 4th English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១ទី២ ទី៣ និងទី៤ ដែលមានបេក្ខជនសរុបចំនួន ១២នាក់ ក្រោមវត្តមានលោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ។
លោក រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានឱ្យដឹងថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិត ក្នុងការ សិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យមានកម្មវិធីសិក្សា ០៥ធំៗដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ក៏បានបញ្ជូលកម្មវិធី សិក្សាបន្ថែមជាច្រើនជូនដល់និស្សិត ដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេស និងចំណេះដឹងទូទៅផងដែរ។ ជាក់ស្ដែង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេស គឺជាកម្មវិធីសិក្សាបន្ថែមមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងខែកញ្ញា និងធ្វើឡើងជា ០៣កម្រិតគឺ៖
១-កម្រិតថ្នាក់រៀន (Class Level Competition): ត្រូវបានរៀបចំឡើង ដោយសាស្រ្ដាចារ្យប្រចាំថ្នាក់ ដើម្បី ជ្រើសរើសយកបេក្ខជនជ័យលាភីពីលេខ១ ដល់ លេខ៣ដើម្បីយកទៅប្រកួតបន្តនៅកម្រិតមហាវិទ្យាល័យ។
២-កម្រិតមហាវិទ្យាល័យ(Faculty Level Competition): ត្រូវបានរៀបចំឡើង ដោយគណៈកម្មការ នៃមហា វិទ្យាល័យនីមួយៗ និងទៅតាមឆ្នាំសិក្សារបស់និស្សិត ដើម្បីជ្រើសរើសយកបេក្ខជនជ័យលាភីពីលេខ១ ដល់ លេខ៣ ដើម្បីយកទៅប្រកួតប្រជែងបន្ដនៅវគ្គផ្ដាច់ព្រ័ត្រ។
៣-កម្រិតសាកលវិទ្យាល័យ(BELTEI IU Level Competition):គឺជាវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវបានរៀបចំឡើង ដោយគណៈកម្មការនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសយកជ័យលាភីពីលេខ១ ដល់លេខ៣ នៃកម្រិតឆ្នាំសិក្សានីមួយៗ។បេក្ខជនជ័យលាភីទាំងអស់នឹងទទួលបាន៖
-លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ ៣០០ដុល្លារ ព្រមទាំងអាហា រូបករណ៍ សិក្សា១០០% រយៈពេល ១ឆ្នាំ ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆ្នាំ។
-លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ ២០០ដុល្លារ ព្រមទាំងអាហារូបករណ៍ សិក្សា១០០%រយៈពេល ១ឆមាស ចំពោះនិស្សិតឆ្នាំទី៤ ត្រូវបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ១ឆមាស។
-លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ ១០០ដុល្លារ។
ក្នុងឱកាសនោះដែរលោក លី ណាវុឌ្ឍ ក៏បានសម្តែងនូវការកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសនិស្សិតជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែង តាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបានបន្ថែមទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាស ឲ្យនិស្សិតប៊ែលធីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងភាពក្លាហានរបស់ខ្លួនក្នុងការនិយាយជាសាធារណៈ ក៏ដូចជាពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេស ឲ្យកាន់តែប្រសើរឡើងថែមទៀត ឲ្យស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។ ជាពិសេសដើម្បីឲ្យប្អូនៗទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ លោកក៏បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង ចំណេះធ្វើ ជំនាញ និងភាសា។
ជាទីបញ្ចប់លោក លី ណាវុឌ្ឍ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ថតរូបអនុស្សាវរីយ៍ និងផ្តល់រង្វាន់លើកទឹកចិត្ត ជូនដល់និស្សិតជ័យលាភី ឆ្នាំទី១ ទី២ ទី៣ និងទី៤ ចំនួន ១២នាក់ ផងដែរ ៕