(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៣ ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ផ្តោតសំខាន់ទៅលើបញ្ហាសំខាន់ៗចំនួន២ រួមមានបញ្ហាការតភ្ជាប់ផ្លូវគមនាគមន៍ និងប្រតិបត្តិការពង្រីកទំហំពាណិជ្ជកម្ម។ ក្រៅពីនេះកិច្ចប្រជុំដ៏មានសារៈសំខាន់នៃប្រទេសទាំង២នេះ ក៏បានពិភាក្សាលើបញ្ហាពលករកម្ពុជា ធ្វើការនៅប្រទេសថៃ កិច្ចសហប្រតិបត្តិការគ្រឿនញៀន បង្ហាញកសិផលរបស់កម្ពុជា និងបញ្ហាបើកច្រកព្រំដែនជាដើម។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៣ ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ធ្វើឡើងក្រោមអធីបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ធអ៊ូចា នាយករដ្ឋមន្ត្រីថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ សម្តេតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំនេះ ភាគីទាំងពីរកម្ពុជា-ថៃ ផ្តោតសំខាន់ទៅលើការតភ្ជាប់ និងប្រតិបត្តិការពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែធំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ គឺជាប្រធានបទយ៉ាងសំខាន់ របស់ប្រទេសទាំង២ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ចំណែកឯកការពង្រឹង ទំហំពាណិជ្ជកម្មវិញ ភាគីថៃ បានកំពុង ខិតខំជួយទិញកសិកផលពីកម្ពុជា ព្រោះតែបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដាច់ឆ្ងាយពីគ្នាខ្លាំងពេក គឺថៃនាំចូលមកកម្ពុជាលើសពីកម្ពុជានាំចេញទៅថៃ រហូតដល់៥ដង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ប្រទេសថៃ ក្នុងពេលដែលទីផ្សារកសិផលរបស់កម្ពុជា ជួបការលំបាក បានយកចិត្តទុកដាក់ទិញកសិផលពីកម្ពុជា ស្របតាមការអំពាវនាវរបស់រាជរដ្ឋភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះបញ្ហាការតភ្ជាប់ និងព្រំដែន យើងបានឯកភាពឲ្យមានការបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីសម្រួលដល់ប្រជាជន និងសម្រួលបញ្ហាពាណិជ្ជកម្ម។
ពាក់ព័ន្ធបញ្ហាពលករកម្ពុជានៅប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចង់ឲ្យពលករខ្មែរទាំងអស់ ដែលទៅធ្វើការនៅប្រទេសថៃដ៏ស្របច្បាប់ និងជៀសវាងការធ្វើការដោយខុសច្បាប់ និងកេងប្រវណ្ឌកម្លាំងពលកម្ម។
សម្តេចតេជោ បានថ្លែងទៀថា ចំពោះបញ្ហាគ្រឿងញៀន ប្រទេសថៃបានជួយដល់កម្ពុជា ក្នុងការងារសាងសង់ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ ហើយលើសពីនេះ ថ្នាក់ដឹកនាំទាំងក៏មានគំនិតផ្តួចផ្តើម ធ្វើឲ្យមានតំបន់ស គឺតំបន់នៅតាមព្រំដែនកម្ពុជា-ថៃ ជាតំបន់គ្មានគ្រឿងញៀន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក ប្រាយុទ្ធ ច័ន្ទអ៊ូឆា នាយករដ្ឋមន្ត្រីថៃ បានថ្លែងបញ្ជាក់ថា ចំពោះបញ្ហាកសិករផលរបស់កសិករកម្ពុជានៅជាប់ព្រំំដែន ថៃសូមសន្យាថា នឹងជួយទិញកសិផលរបស់បងប្អូនខ្មែរ។ សម្រាប់ការបើកច្រកឆ្លងដែន គណៈកម្មការព្រំដែន នឹងសហការធ្វើឲ្យណាបើកច្រកឲ្យបានឆាប់។
ចំពោះបញ្ហាពលករ ដែលទៅធ្វើការមិនស្របច្បាប់នៅប្រទេសថៃ ពិសេសពលករលើទូកនេសាទ លោក ប្រាយុទ្ធ ច័ន្ទអ៊ូឆា បានជំរុញឲ្យមានសម្រួលពលករទាំងនោះ បានធ្វើការស្របច្បាប់។ ជាមួយគ្នាសម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿនញៀន នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ បានថ្លែងថា ថៃនឹងពន្លឿនការជួយកសាង មជ្ឈមណ្ឌលបន្សាបឲ្យបានឆាប់។ ចំពោះការតភ្ជាប់ទាំងផ្លូវគោក និងផ្លូវសមុទ្រនោះ កម្ពុជា-ថៃ នឹងបន្តសហការគ្នា ពិសេសការតភ្ជាប់ផ្លូវដែកមកទីក្រុងភ្នំពេញ ដែលនេះជាប្រវត្តិនៃការតភ្ជាប់ផ្លូវដែករបស់ថៃ ក្នុងតំបន់អាស៊ាន។
លោក ប្រាយុទ្ធ ច័ន្ទអ៊ូឆា បានញ្ជាក់ទៀតថា សម្រាប់ជាទិសដៅក្នុងការពង្រីកទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យកើតឡើងដល់ ១៥,០០០លានដុល្លារ ដែលទាមទារឲ្យប្រទេសទាំងរកវិធីសាស្ត្រថ្មី ក្នុងធ្វើពាណិជ្ជកម្មជាមួយគ្នា។ ថៃសន្យាថា នឹងការពារអ្នកវិនិយោគនៃប្រទេសទាំង២ឲ្យបានល្អ និងជំរុញការវិនិយោគឲ្យ កាន់តែច្រើនជាងមុនផងដែរ។
សូមជម្រាបថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា តបការអញ្ជើញរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ អញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិក។ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕