(ភ្នំពេញ)៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អនុញ្ញាតជូននាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទ អូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ នៅកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។
មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើមលោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវការអរគុណ ជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសជូនលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក និងគណៈប្រតិភូ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ ដែលកម្ពុជា ទទួលបានថ្មីៗនេះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តីថៃ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទី អំពីលទ្ធផលនៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃលើកទី៣ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព គឺផ្តោតលើ វិស័យសេដ្ឋកិច្ច វិស័យសង្គម សន្តិសុខ ការអភិវឌ្ឍ និងលើគ្រប់វិស័យ រវាងប្រទេសយើងទាំង២។ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហការ នៃប្រទេសយើងទាំង២ លើគ្រប់វិស័យនៅតាមព្រំដែន ភាគីទាំង២ នឹងរកវិធីសាស្រ្តថ្មីៗ បង្កើនសេដ្ឋកិច្ចអោយរឹងមាំ តាមរយៈការបន្តបើកច្រកនានា នៅតាមព្រំដែន កម្ពុជា-ថៃ។
ជាការឆ្លើយតបវិញ សម្តេចប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ប្រកបដោយភាតរភាពភាព ដ៏កក់ក្តៅជូនចំពោះនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ លើកទី៣ នៅកម្ពុជា។
សម្តេច សាយ ឈុំ បាននាំមកជូននាយករដ្ឋមន្រ្តី និងគណៈប្រតិភូនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងសេក្តីគោរពរាប់អានដ៏ជ្រាលជ្រៅអំពី ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានបង្កើតឡើងដោយស្នាព្រះហស្ថ អតីតព្រះមហាក្សត្រជំនាន់មុន នៅឆ្នាំ១៩៥០។
ប្រទេសយើងទាំងពីរមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ មានព្រំដែនជាប់គ្នា មានប្រពៃណី វប្បធម៌ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនយើងទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។
សម្តេចភក្តី បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ថៃ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណដ៏ឈ្លាសវៃ នៃព្រះករុណាព្រះបាទ មហាវេជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងសូមប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការថ្វាយ ព្រះករុណា ព្រះបាទ មហាវេជ្ជរ៉ាឡុងកន និងជូនពរថ្នាក់ដឹកនាំជាតិ និងប្រជាជនថៃ ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុងការ រួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ សម្តេចបានកត់សម្គាល់ឃើញដោយសេចក្តីពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ បានបន្តរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់គួរជាទីមោទនៈ។
សម្តេចបានសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលធ្វើឱ្យមានវឌ្ឍនភាព និងសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង ចំពោះកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានប្តេជ្ញារួមគ្នាសម្រេចគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។
សម្តេចបានមានប្រសាសន៍បន្តទៀតថា វិស័យវិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងបានបង្កើតនូវយន្តការទ្វេភាគី កម្ពុជា-ថៃ ជាច្រើនវិស័យ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហានានា សំដៅឱ្យមានការអភិវឌ្ឍរួមគ្នា មានសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។
សម្តេចបានសម្តែងនូវអំណរព្រះគុណ និងអរគុណដ៏ជ្រាលជ្រៅចំពោះរាជ្យវង្សានុវង្សថៃ និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ផ្នែកសុខាភិបាល វិស័យអប់រំ សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនេះក៏សូមអរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួន១៦ដុំ ឱ្យកម្ពុជាវិញ ក្នុងចំណោម៣៦ដុំ ដែលនៅសេសសល់។
ជាទីបញ្ចប់សម្តេចភក្តី សាយ ឈុំ បានសម្តែងអបអរសាទរ ចំពោះលទ្ធផលជោគជ័យរបស់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងបានប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ សូមឲ្យទទួលបានជោគជ័យក្នុងដំណើរបំពេញបេសសកម្ម ដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងសូមឯកឧត្តមមានកម្លាំងពលំមាំមួន អាយុយឺនយូរនិងប្រកបដោយសិរីមង្គល វិបុលសុខគ្រប់ការ៕