(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា។ នៅក្នុងជំនួបសម្តែងការគួរសមនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មហាអំណាចចិន បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា «កម្ពុជា ជាមិត្តល្អ ដៃគូល្អ ហើយឧបសគ្គរបស់កម្ពុជា ជាឧបសគ្គរបស់ចិន»

មន្រ្តីជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា បានថ្លែងពីលទ្ធផលនៃជំនួបសម្តែងការគួរសមនេះថា ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេច ប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តី សប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះលោក Wang Jiarui និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ។

តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ គឺពិតជាបានរួមចំណែកដ៏ធំធេង ក្នុងការបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីរយូលង់ណាស់មកហើយ។

នៅក្នុងឱកាសនោះលោក Wang Jiarui បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឲ្យលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរ សមនាឱកាសនេះ។ លោកបានជម្រាបអំពីគោលបំណង នៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីរឹតចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបានបញ្ជាក់ថា «សាធារណរដ្ឋប្រជាមានិតចិនតែងតែ ចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាមិត្តល្អ ដៃគូល្អ ហើយតាមរយៈដំណើរទស្សនកិច្ចនាពេលនេះ សភានៃប្រទេសទាំងពីរ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អប្រសើរ លើវិស័យសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម»

លោក Wang Jiarui «បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងបានចាត់ទុកការរីកចម្រើន និងឧបសគ្គរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាការរីកចម្រើន និងជាឧបសគ្គរបស់ សាធារណរដ្ឋប្រជាមានិតចិនផងដែរ»

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះប្រសាសន៍របស់លោក Wang Jiarui ដែល បានថ្លែងកោតសរសើរអំពីការរីកចំរើនរបស់ប្រទេសកម្ពុជា។ សម្តេច បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញអំពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនជាលំដាប់ ឈានដល់កម្រិតកំពូល គឺកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តពិសេសដែលផ្តល់ភាពអនុគ្រោះ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ កម្ពុជា បានចាត់ទុកប្រជាជន និងប្រទេសចិន ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។

សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំព្រះរាជសុខភាព ព្រះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះសភាប្រឹក្សានយោបាយប្រជាជនចិន និងដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយ ជាបន្តបន្ទាប់ដល់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា។ ជំនួយទាំងអស់នោះ បានរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការពង្រឹងស្ថាប័ន និងលើកម្ពស់សមត្ថភាពការងារមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ជំនួយទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់ចិន ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ដែលបង្កើតឡើងនូវគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង។ រាជរដ្ឋាភិបាលកម្ពុជានឹងបានទទួលផលប្រយោជន៍ដ៏ធំធេង សម្រាប់អភិវឌ្ឍ ប្រទេសកម្ពុជា លើកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទី បានជម្រាបជូនអំពីសភាពការណ៍នៅកម្ពុជា បានកំពុងបោះជំហានយ៉ាងរឹងមាំលើ មាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ក្នុងឆ្នាំ២០១៨ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន។ ក្នុងក្របខ័ណ្ឌអង្កការនិតិប្បញ្ញត្តិ សម្តេចប្រមុខរដ្ឋស្តីទី បានស្នើឲ្យ សភានៃប្រទេសទាំងពីរ គួរមានសកម្មភាពមួយចំនួនដូចជា៖ ទី១-សូមអញ្ជើញប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ទី២-ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ទី៣-សភានៃប្រទេសទាំងពីរ គួររៀបចំសិក្ខាសាលារួមគ្នាដើម្បី ពិភាក្សាអំពី ការចូលរួមរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងដៃគូរជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយកម្ពុជា-ចិន។

លោក Wang Jiarui បានឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរដ្ឋស្តីទី ក្នុងការរៀបចំ ព្រឹត្តិការណ៍នានា ក្នុងឱកាសខួបអបអរសាទរលើកទី៦០ឆ្នាំ នៃថ្ងៃបង្កើតទាក់ទំនងការទូតនៃប្រទេសទាំងពីរ រួមទាំងការរៀបចំសិក្ខាសាលាស្តីពី ស្ថានភាពនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកបានគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលវេលាសមស្របណាមួយ។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនសាធារណប្រជាមានិតចិនសម្រេចបាននូវវឌ្ឍភាពកាន់តែធំៗ និងថ្មីៗថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សម្តេចបានប្រសិទ្ធពរជូនលោក Wang Jiarui និងគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ ស្នាក់នៅ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕