(ស្វាយរៀង)៖ ឧទ្យានថាមពលពន្លឺ ព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា ដែលមានអនុភាព១០មេហ្គាវ៉ាត វិនិយោគទឹកប្រាក់១២.៥លានដុល្លារអាមេរិក មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀងចាប់ផ្តើមដំណើរការសាកល្បងហើយ ។

ស្ថានីយថាមពលអគ្គិសនី ដើរដោយ​ពន្លឺព្រះអាទិត្យ អានុភាព១០មេហ្គាវ៉ាត់នេះ វិនិយោគដោយក្រុមហ៊ុន Sunseap Asset ដែលមានតម្លៃ​​១២.៥លានដុល្លារ ដែលមានរយៈពេលកិច្ចសន្យា២០ឆ្នាំ។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញចុះនិពិត្យមើលដំណើការគម្រោងឧទ្យានថាមពលពន្លឺ ព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជានេះ។

លោកបានបញ្ជាក់ថា គ្រោងនេះជាការប្តេជ្ញារបស់កម្ពុជា សំដៅឆ្ពោះទៅរកការផលិតថាមពលស្អាត ឲ្យកាន់តែច្រើននៅអនាគតដ៏ខ្លី ដើម្បីផ្គុំជាមួយប្រភពដទៃទៀត ដូចជាវារីអគ្គិសនី ដើម្បីជំរុញញការអភិវឌ្ឍន៍ប្រទេស។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ថាមពល​អគ្គិសនីពន្លឺព្រះអាទិត្យ​លើក​ទី​១ អនុភាព១០មេហ្គាវ៉ាត់នេះ នឹងជួយបម្រើដល់វិស័យថាមពល ​ក្នុង​ខេត្ត​ស្វាយ​រៀង និង​បម្រើ​ឲ្យ​បណ្តាញ​អគ្គិសនី​ជាតិ​ផង​ដែរ។

អគ្គនាយករូបនេះបានបញ្ជាក់ទៀតថា ស្ថានីយថាមពលអគ្គិសនី ដើរដោយ​ពន្លឺព្រះអាទិត្យនេះ តាមផែនការកម្ពុជា​ត្រូវ​ការអនុភាព​ ៣០មេហ្គាវ៉ាត់​បន្ថែម​ទៀត នៅ​ជំហាន​ទី​២ ដែលអាចនឹងធ្វើឡើង​នៅ​ជិត​ទីក្រុង​ភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ៕