(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានប្រកាសជាផ្លូវការ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះថា ខ្លួនបានទទួលអាជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបើកវគ្គបណ្ដុះបណ្ដាល​លើជំនាញ «ការគ្រប់គ្រងឡូជីស្ទីក - Logistics Management» កម្រិតបរិញ្ញាបត្រ នៅក្នុងសាកលវិទ្យាល័យ មុនគេបង្អស់នៅកម្ពុជា ដល់សិស្ស-និស្សិត សម្រាប់ការសិក្សា​ក្នុងឆ្នាំថ្មីនេះតទៅ។

ការប្រកាសឲ្យដឹងបែបនេះ ត្រូវបានធ្វើឡើង ក្នុងសិក្ខាសាលាមួយ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាព ពីសំណាក់លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តជាតិ ជាមួយនឹងអ្នកពាក់ព័ន្ធលើជំនាញ «ការគ្រប់គ្រងឡូជីស្ទីក - Logistics Management» មកពីក្រុមហ៊ុន, ស្ថាប័នផ្សេងៗ និងនិស្សិត ជាច្រើននាក់។

លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តជាតិ បានថ្លែងឲ្យដឹងថា ការបណ្ដុះបណ្ដាលលើជំនាញ «ការគ្រប់គ្រងឡូជីស្ទីក - Logistics Management» ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាតម្រូវការចាំបាច់​ស្ទើរគ្រប់ស្ថាប័ន ទាំងសាធារណៈ និងឯកជន ដែលកំពុងត្រូវការធនធានមនុស្ស មានចំណេះដឹងផ្នែក ឡូជីស្ទីក​នាពេលបច្ចុប្បន្ន និងអនាគត។ ជាពិសេសក្រុមហ៊ុន​ដែលកំពុង ធ្វើធុរកិច្ចលើឡូជីស្ទីក នេះតែម្ដង ដែលតាមស្ថិតិមានប្រមាណ៤៥៥ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

លោកស្រីសាកលវិទ្យាធិការ បានបន្តទៀតថា សាកលវិទ្យាល័យភ្នំពេញអន្តជាតិ (PPIU) បានទទួលអាជ្ញាបណ្ណជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតលេខ ៣១២ អយកប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កម្រិតបរិញ្ញាបត្រ លើជំនាញ «ការគ្រប់គ្រងឡូជីស្ទីក - Logistics Management» ដែលនេះ ជាអាជ្ញាបណ្ណជំនាញគ្រប់គ្រង​ការដឹកជញ្ជូន មុនគេបង្អស់​ក្នុង​ប្រទេសកម្ពុជា សម្រាប់បណ្ដុះបណ្ដាលដល់និស្សិត ស្របទៅតាមការរីកចម្រើន ឥតឈប់ឈរ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូល។

លោកស្រី​បានសង្កត់ធ្ងន់ថា ​ស្របជាមួយនឹងការវិវឌ្ឍន៍ ឥតឈប់ឈរ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា វិស័យឡូជីស្ទីក - Logistics ពិតជាមានសារៈសំខាន់ខ្លាំង​ ដែលតម្រូវឲ្យក្រុមហ៊ុន ឬស្ថាប័ននានា ដែលធ្វើធុរកិច្ចផ្នែកឡូជីស្ទីក ត្រូវការធនធានមនុស្សចាំបាច់ ​មានជំនាញ ឡូជីស្ទីក​-​Logistics ដើម្បីបំពេញការងារ ឲ្យមានគុណភាព​ និងប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះ សាកលវិទ្យាល័យភ្នំពេញអន្តជាតិ (PPIU) បានខិតខំសម្រិតសម្រាំង​ ប្ដេជ្ញាចិត្ត បង្កើតឲ្យមានការសិក្សាលើជំនាញ ឡូជីស្ទីក​-​Logistics ឲ្យស្របទៅនឹងតម្រូវការក្នុងស្រុក សហគមអាស៊ាន និងពិភពលោក ដោយមានការចូលរួមពីគ្រប់ភាគី មានដូចជា សមាគមឡូជីស្ទីក, ក្រុមហ៊ុនឡូជីស្ទីក, ក្រសួងអប់រំ និងសាកលវិទ្យាល័យ ជាដៃគូជាច្រើនទៀត។

​លោកស្រី ទេព កូលាប បានបន្ថែមទៀតថា លើសពីនេះទៅទៀត សាកលវិទ្យាល័យភ្នំពេញអន្តជាតិ (PPIU) ក៏មានកិច្ចសហការជាមួយសហគមន៍ Logistic Cambodia ( Camfa-Cambodia Freight Forwarders Association) ដែល ជាស្ថាប័នដែលប្រកបអាជីវកម្ម លើ Logistic ដើម្បីទទួលបានលទ្ធភាព និងផ្ដល់ឱកាសជូននិស្សិត សិក្សាជំនាញ Logistic នេះ មានឱកាសទទួលបានការហាត់ការ អនុវត្តន៍ជាក់ស្ដែង នៅពេលកំពុងសិក្សា និងទទួលបានការងារ នៅពេលបញ្ចប់ការសិក្សាជាស្ថាពរ។ សាកលវិទ្យាល័យភ្នំពេញអន្តជាតិ ​ក៏មានដៃគូអន្តរជាតិ ទាំងគ្រិះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនប្រកបអាជីវកម្ម លើមុខរបរ ឡូជីស្ទីក (Logistic) ដើម្បីផ្ដល់ឱកាសឲ្យអ្នកជំនាញ បានផ្លាស់ប្ដូរ និងហាត់ការ និងធ្វើការនៅ​ក្រៅប្រទេស ផងដែរ។

សូមបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលា វាគ្មិនកិត្តិយសក៏បានធ្វើបទបង្ហាញពីសារៈសំខាន់ នៃចំណេះដឹងលើជំនាញ​ «គ្រប់គ្រងឡូជីស្ទីក» និងជំរុញសិស្ស-និស្សិត គួរជ្រើសរើសសិក្សា​លើជំនាញនេះឲ្យបានច្រើន ព្រោះបច្ចុប្បន្ន ក៏ដូចជាអនាគត ស្ថាប័នសាធារណៈ និងឯកជន ក្នុងប្រទេស និងក្រៅប្រទេស ត្រូវការចាំបាច់នូវធនធានមនុស្ស ដែលមានជំនាញ ឡូជីស្ទីក ច្បាស់លាស់ ដើម្បីបំពេញការងារ៕​