(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែតរួមគ្នា នៅវិមានសន្តិភាព ដើម្បីបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃ ជួយដល់កម្ពុជា ក្នុងការងារសាងសង់ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះបញ្ហាគ្រឿងញៀន ប្រទេសថៃបានជួយដល់កម្ពុជា ក្នុងការងារសាងសង់ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ»។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្នាក់ដឹកនាំទាំង២ ក៏មានគំនិតផ្តួចផ្តើម ធ្វើឲ្យមានតំបន់ស គឺតំបន់នៅតាមព្រំដែនកម្ពុជា ជាតំបន់គ្មានគ្រឿងញៀន ហើយបានផ្តួចផ្តើមគំនិត សហការជួយប្រជាជនឆ្លងដែន ដែលមានសារសំខាន់ណាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន ដែលគាត់ជួបនូវគ្រោះ មហន្តរាយអគ្គិភ័យ និងទឹកជំនន់ជាដើម។
សូមជម្រាបថា មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំនេះ ចំណាយថវិកាក្នុងសាងសងប្រមាណជាង៥លានដុល្លារ បានបើកការដ្ឋាននៅខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តស្វែងរកជំនួយពីសប្បុរសជនជាតិ-អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត ដើម្បីយកមកទ្រទ្រង់ក្នុងការសាងសង់មជ្ឈមណ្ឌលនេះផងដែរ។ សម្រាប់ភាគីផ្តល់ជំនួយនោះរួមមាន មួយផ្នែកបានមកពីសប្បុរសជនជាតិ-អន្តរជាតិ, រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ។
មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលការកសាងនេះដើម្បីបន្សាប អប់រំ ព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពួកគេឲ្យមានជំនាញអាចប្រកបមុខរបរចិញ្ចឹមជិវិតបាន ពេលពួកគាត់ធ្វើ សមាហរណកម្មត្រឡប់ ទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញ កាត់បន្ថយបានការលាប់ទៅប្រើគ្រឿងញៀនវិញ៕