(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ បើកសវនាការរឿងក្ដីបុរសម្នាក់ ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។ ជាមួយគ្នានេះ លោក ហែម សុចិត្រ មេធាវីការពារក្ដីឱ្យជនជាប់ចោទ ស្នើតុលាការពិនិត្យភស្តុតាង និងផ្ដល់ភាពយុត្តិធម៌ជូនកូនក្តី។
សវនាការនេះ ដឹកនាំដោយលោក លឹម មករន្ទ ជាប្រធានក្រុមប្រឹក្សា លោក ស្វាយ តុញ លោក លី លីបម៉េង ជាចៅក្រមប្រឹក្សា និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។
ជនជាប់ចោទឈ្មោះ សុខ សេន ហៅ វ៉ាង អាយុ៥២ឆ្នាំ ជនជាតិវៀតណាម ជាប់ចោទបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៤ ផ្លូវលំ ក្រុម១០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ តាមមាត្រា២០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
នាពេលសវនាការជនជាប់ចោទ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើឱ្យតុលាការផ្តល់ភាពយុត្តិធម៌ផង។
លោក ហែម សុចិត្រ មេធាវីការពារក្ដីជនជាប់ចោទ សន្និដ្ឋាន ថា កូនក្តីពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ដោយដោយសារថ្ងៃកើតហេតុ កូនក្តី កំពុងដាំបាយខាងក្រោយផ្ទះ ហើយសមត្ថកិច្ចមានគោលដៅចាប់ខ្លួនមុខសញ្ញាឈ្មោះ កែវ សំអាត និង ឈ្មោះ កែវ ចន្ធី ។ ប៉ុន្តែពេលជនទាំងពីរនាក់នេះ គេចខ្លួន បែរជាមកចាប់ឈ្មោះ សុខ សេន ដែលជាមនុស្សស្អាតស្អំទៅវិញ ។
នាពេលសវនាការនេះ មេធាវីបានបង្ហាញនូវក្លីបវីដេអូប្រមាណជាង៥នាទី ដែលក្មេងក្នុងភូមិលួចថតបាន ហើយបង្ហាញថា ពេលសមត្ថកិច្ចកំពុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះ កូនក្តី អង្គុយដាំបាយក្រោយផ្ទះជាធម្មតា។ តាមរយៈវីដេអូក្លីបនេះ មេធាវី ហែម សុចិត្រ អះអាងថា ជាកញ្ចប់យុត្តិធម៌ សម្រាប់កូនក្តី ដែលអាចឱ្យតុលាការពិចារណាលើកលែងការចោទប្រកាន់នេះបាន។
ដោយឡែកលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ សន្និដ្ឋានរក្សាបទចោទប្រកាន់នេះ ទុកជាបានការដដែល។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម លឹម មករន្ទ លើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះវិញ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ បង្ហាញថាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានអនុវត្តតាមវិធានញុះញង់លេខ២១១ អ.យ.ឋ ដោយឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សុខ សេន រួមទាំងក្រាមពណ៌សទម្ងន់១,១៨ក្រាម ខណៈដែលជនសង្ស័យ កំពុងតែដោះដូរគ្រឿងញៀនជាមួយកម្លាំងសម្ងាត់។ គ្រឿងញៀននេះ គឺជារបស់ឈ្មោះ កែវ សំអាត និងឈ្មោះ កែវ ចន្ធី ដែលទម្លាក់មកឱ្យឈ្មោះ សុខ សេន យកទៅលក់ឱ្យម៉ូយ។
បន្ទាប់មក សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅលើផ្ទះឈ្មោះ កែវ សំអាត រកឃើញក្រាមពណ៌សទម្ងន់២០,៨៤ក្រាមទៀត៕