(ភ្នំពេញ)៖ កាលបរិច្ឆេទ នៃការផ្អាកធ្វើចរាចរណ៍លើស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងប្រកាសថា នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ការផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ប៉ុន្តែការសម្រេចនេះ មានការរិះគន់ និងការលើកឡើងជា​ច្រើនថា អាជ្ញាធរគួរតែទុកពេលឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើតសិន នាអំឡុងបុណ្យភ្ជំបិណ្ឌសិន។ ទើបនៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសផ្លាស់ប្តូរកាលបរិច្ឆេទនេះឡើងវិញតែម្តងទៅ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងបន្ថែមថា «មូលហេតុលើកពេលបន្តទៀតនេះ ដោយសារកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌ ដែលពេលនោះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាន ដើម្បីទៅកាន់ស្រុកកំណើត ប្រាកដជានឹងកើនឡើងទ្វេរដង។ ដូច្នេះដើម្បីដោះស្រាយកាកស្ទះនេះ សាលារាជធានីភ្នំពេញ ត្រូវពន្យាពេលបន្តទៀតជាចំបាច់»

ជាមួយគ្នានេះដែរលោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ក្រោយពេលផ្អាកធ្វើចរាចរណ៍លើស្ពានជ្រោយចង្វារទី១នេះ អាជ្ញាធររាជធានីបានត្រៀមកម្លាំងរួចជាស្រេចទៅហើយ ក្នុងការសម្រួលចរាចរណ៍ ដោយសារប្រជាពលរដ្ឋត្រូវធ្វើដំណើរ ទៅមកលើស្ពានមិត្តភាព កម្ពុជា-ចិន ឬជ្រោយចង្វារទី២។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ ស្នើប្រជាពលរដ្ឋយោគយល់ក្នុងរយៈពេលនៃការជួសជុលនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជួសជុលស្ពានជ្រោយចង្វារទី១ឡើងវិញ ជាមួយប្រធានទីប្រឹក្សាសាជីវកម្ម central consultant Inc, បន្ទាប់ពីអ្នកជំនាញពិនិត្យឃើញថា ស្ពានមានសភាពទ្រុឌទ្រោម។

បើតាមក្រសួងសាធារណការ ថវិកាសម្រាប់ជួសជុលស្ពានមិត្តភាពកម្ពុជា ជប៉ុននេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ចំនួន៣០លានដុល្លារ។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ការជួសជុលឡើងវិញនេះ ត្រូវការរយៈពេល២២ខែ។

គួររំលឹកថា ស្ពានជ្រោយចង្វារទី១ ត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៩៧២។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៩៧៩ ពោលគឺនៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុនដើម្បីតភ្ជាប់ស្ពាន និងដាក់ឲ្យប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៕