(កណ្តាល)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៥ ក្នុងឱកាសចុះសួរសុខទុក្ខ និងរៀបចំអាហារមួយពេលជូន កុមារពិការខ្សោយសតិបញ្ញា និងក្រុមគ្រួសារ រួមជាមួយគ្រូៗ សរុបចំនួន ២១០នាក់ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើគិតគូរ សួរសុខទុក្ខ និងក្តីមេត្តា ករុណា ស្រឡាញ់ចំពោះកុមារពិការទាំងអស់ ត្បិតមិនមានកាយសម្បទារគ្រប់គ្រាន់ តែមានប្រាជ្ញា អាចធ្វើអ្វីផ្សេងដូចគេឯងដែរ។ ទន្ទឹមនេះ សូមថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូៗទាំងអស់ ដែលផ្តល់ការបណ្តុះបណ្តាល ដោយទឹកចិត្តអាណិតអាសូរ មេត្តា ករុណា និងស្រឡាញ់ ចំពោះកុមារទាំងនេះ ព្រមទាំងសូមផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ ចូលរួមជាមួយគ្រូ-បុគ្គលិកដើម្បីផ្តល់ក្តីស្រឡាញ់ ការថែទាំ លុបបំបាត់ការរើសអើង ពិសេសផ្តល់ការបណ្តុះបណ្តាល-អប់រំ ដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ ហើយដែលនេះ ជាការរួមចំណែកមួយយ៉ាងធំធេងក្នុងសង្គមជាតិ ឱ្យស្ថិតក្នុងការអភិវឌ្ឍ និងសុខសន្តិភាព ស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ។
លោក ចាន់ សារិន នាយកអង្គការ បានថ្លែងនូវក្តីសោមស្សរីករាយជាទីបំផុត ដែលមានភ័ព្វវាសនាបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់យ៉ាងខ្លាំង បានជួយឧបត្ថម្ភជាបន្តបន្ទាប់ចំនួន ៥លើក និងសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដល់ កុមារពិការខ្សោយសតិបញ្ញា និងជនពិការទូទៅដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ រួមមាន ៖ មី ៤០កេស ត្រីខ ៨កេសធំ ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ផ្លែប៉ោម និងថវិកា ៥លានរៀល។ ដោយឡែក គ្រូ ១៩នាក់ ម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០ម៉ឺនរៀល។ រីឯ កុមារពិការទាំង ១២០នាក់ ម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល៕