(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំងព្រែក ដែលក្រុមឈ្មួញឃុបឃិបចាក់ដីរំលោភយកដី ចំណីព្រែក ធ្វើជាកម្មសិទ្ធិដែលបណ្តាលឲ្យបាត់ ប្រឡាយរំដោះទឹកយ៉ាងសំខាន់ ដោយមានការចូលរួមពីសំណាក់លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ លោក លឹម ពី ប្រធានការិយាល័យជំនាញចំណុះសាលាខណ្ឌ និងលោក លីវ បណ្ណថេង ចៅសង្កាត់ព្រែកថ្មី បន្ទាប់ពីទទួលបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ចេង មុនីរ៉ា បានថ្លែងថា ព្រែកដែលក្រុមការងារចុះស្រាវជ្រាវនេះ ស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មី ទើបលោកដឹកនាំ ក្រុមការងារចុះពិនិត្យដើម្បីកំណត់ និងកាយដីដាក់ប្រព័ន្ធលូរំដោះទឹកទូទាំងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង។ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ អភិបាលរាជធានី លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធរកតួព្រែកធម្មជាតិ នៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ឲ្យឃើញក្រោយពីគេចាក់លុបបំបាត់ធ្វើជាកម្មសិទ្ធិឯកជន។
លោក ឃួង ស្រេង បានថ្លែងថា ព្រែកធម្មជាតិមួយនេះ ស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ហើយត្រូវបានអ្នកមានលុយឃុបឃិតគ្នាចាក់លុប បំបាត់ធ្វើជាកម្មសិទ្ធិ ដែលបណ្តាលឲ្យបាត់ប្រឡាយ រំដោះចេញយ៉ាងសំខាន់។ លោកបន្តថា បើមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីសុរិយោដីមន្ត្រីធនធានទឹក ជាដើមរកមិនឃើញព្រែកនេះទេ ឈប់ពីការងាររបស់ខ្លួនទៅមិនដឹងថាធ្វើការងារអីកើតទៀតទេ។
បើតាមមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា ព្រែកធម្មជាតិមួយនេះ ស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅត្រូវបានឈ្មួញពិសេសអ្នកស្រី ស៊ុយ សុផាន រំលោភដោយចាក់ដីបំពេញយកជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយពោលគឺតាំងពីសង្កាត់ទាំងនេះកាត់ចូលមករាជធានី ភ្នំពេញមកម្លេះ។
មន្ត្រីដដែលបន្តថា ព្រែកនេះពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកថ្មី ពិសេសសង្កាត់ព្រែកឯង ដោយហូរចូលទំលាក់ ទៅទន្លេបាសាក់។ ក្រោយការចាក់លុបបំបាត់ព្រែកនេះ បានធ្វើឲ្យសង្កាត់ព្រែកឯងទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរកន្លងមកហើយករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋស្នើសុំយ៉ាងទទូច នៅក្នុងវេទិកាសាធារណៈផងដែរ ដើម្បីជួយរកវិធីយ៉ាងណារំដោះទឹកចេញពីភូមិដ្ឋានរបស់ពួកគាត់។ ដើម្បីបំពេញទៅតាមសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋទើប អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យ មន្ត្រីពាក់ព័ន្ធរកតួព្រែកធម្មជាតិនៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯងនេះ ឲ្យឃើញវិញដើម្បីកាយជាមុខទឹករំដោះការលិចលង់របស់ប្រជាពលរដ្ឋ៕