(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ដ្រីថៃ រួមជាមួយគណៈប្រតិភូ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ កំពុងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រួមគ្នាមួយ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ នៅវិមានសន្ដិភាព។

សូមជម្រាបថា លោក ប្រាយុទ្ធ ច័ន្ទអូចា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនៈកិច្ចផ្លូវការមួយនៅកម្ពុជា ដោយលោកនាយករដ្ឋមន្ដ្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​​ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»។

កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ នឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ។ នៅចុងបញ្ចប់ នៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន និង​លោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗមួយចំនួនផងដែរ។

សូមបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិក។ លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕