(សៀមរាប)៖ ​លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គិសនី ជូនប្រជាពលរដ្ឋនៅតំបន់ស្រះស្រង់ ដែលមាន​០៥​ភូមិ សង្កាត់នគរធំ ក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់អប្សរា​។

ដោយការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់តាមរយៈការធ្វើលិខិតស្នើសុំ ការជួបប្រជុំពិភាក្សា ជាមួយអាជ្ញាធរអប្សរាជាច្រើនលើក និងការស្នើសុំឲ្យមានការគាំទ្រពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងការចូលរួមធ្វើបទបង្ហាញក្នុងអង្គប្រជុំ ICC អំពីផែនការសាងសង់បណ្តាញអគ្គិសនី ក្នុងតំបន់អប្សរាការចុះពិនិត្យទីតាំង របស់ក្រុមការងារ​អាជ្ញាធរអប្សរា ជាមួយក្រុមការងារអគ្គិសនីសៀមរាប ជាលទ្ធផល​ទទួលបានការឯកភាពគ្នារវាងអាជ្ញាធរអប្សរា និងអគ្គិសនីសៀមរាប ក្នុងការសាងសង់អូសខ្សែចែកចាយអគ្គិសនី ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដែលជាប់គាំងតាំងពីឆ្នាំ២០១៣​។

ផ្តើមចេញពីដំណោះស្រាយ និងការឯកភាពគ្នានេះ អគ្គីសនីសៀមរាប បានសហការជាមួយអាជ្ញាធរអប្សរា សាលាក្រុងសៀមរាប សង្កាត់ស្លក្រាម សង្កាត់នគរធំ រៀបចំវេទិកាសាធារណៈនៅមណ្ឌល៣ ក្រោមអធិបតីភាព លោក កែវ រតន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក​អគ្គិសនី, លោកប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាល​ខេត្តសៀមរាប ដើម្បីជួសំណេះសំណាលស្វែងយល់អំពីការលំបាក អំពីសំណូមពររបស់ប្រជាជន ដែលរស់នៅក្នុងតំបន់អប្សរា និងជម្រាបជូនប្រជាជនអំពីការអនុញ្ញាត ឲ្យអគ្គិសនីសៀមរាប​ដាំបង្គោល អូសខ្សែចែកចាយអគ្គិសនី ក្នុងតំបន់អប្សរា​។

ក្រោយពីថ្ងៃបើកកិច្ចប្រជុំវេទិកាសាធារណៈ អគ្គីសនីសៀមរាប បានចាប់ផ្តើមអូសខ្សែលើបង្គោលដែលមាន​ស្រាប់ និងលើកផែនការសាងសង់ពង្រីក ទៅកាន់តំបន់ដ៏ទៃទៀត ជាជំហានបន្តបន្ទាប់ក្នុងតំបន់អប្សរា ដែលមិនទាន់មានអគ្គិសនី​ប្រើប្រាស់ សម្រេចបានចំនួន​៦​តំបន់ (​ក្នុងតំបន់អប្សរ​) សរុបបានភ្ជាប់ចរន្តរួចជូន ប្រជាជនប្រើប្រាស់​ចំនួន​៦,១៣៨ អតិថិជន ហើយការចុះភ្ជាប់ចរន្តអគ្គិសនី ជូនប្រជាជន​ក្នុងតំបន់អប្សរា កន្លងមកអគ្គិសនីសៀមរាប បានលុបបំបាត់ការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនី របស់ឯកជនដែលមានតម្លៃថ្លៃ​ចំនួន​២០​ក្រុម ដែលនៅតំបន់នោះក្រុមអគ្គិសនីឯកជនទាំង​២០​ចែកចាយលក់ភ្លើង ជូនប្រជាពលរដ្ឋ ចំនួន​២៥​ភូមិ ដែលលក់អគ្គិសនី ឲ្យប្រជាជនប្រើប្រាស់ពី​១,៨០០​រៀល ទៅដល់​៣,០០០​រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

ជាក់ស្តែង នៅតំបន់នេះត្រូវភ្ជាប់អគ្គិសនីជូនប្រជាជនចំនួន​៥​ភូមិ រួមមាន ភូមិស្រះស្រង់ខាងជើង ភូមិស្រះស្រង់ខាងត្បូង ភូមិរហាល ភូមិក្រវ៉ាន់ ភូមិអារក្សស្វាយ សង្កាត់នគរធំក្រុងសៀមរាប ដែលមាន​១,២៥២​ខ្នងផ្ទះ ដែលពីមុនប្រើប្រាស់អគ្គិសនីពីឯកជ​ន ដែលបញ្ឆេះម៉ាសើនភ្លើងចែកចាយអគ្គិសនីចាប់ពីម៉ោង​៨ព្រឹក ដល់​ម៉ោង​១យប់ (​មិនមានអគ្គិសនីប្រើប្រាស់ដល់ ២៤ម៉ោងទេ​) និងមានថ្លៃលក់ពី​៣,៥០០​រៀល ទៅដល់​៤,០០០​រៀលក្នុង ១គីឡូវ៉ាត់ម៉ោង​។

ជាមួយគ្នានោះដែរ ថ្នាកដឹកនាំខេត្តសៀមរាប ក៏ផ្ដល់អំណោយបន្ដិចបន្តួច ដល់ប្រជាពលរដ្ឋចូលរួមប្រមាណ​៨០០​នាក់ ម្នាក់ៗទទួលបាន សារុង​ម្នាក់​១​៕